(ភ្នំពេញ)៖ ក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ២១កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ នឹងក្លាយជាធនធានដ៏រឹងមាំ សម្រាប់ប្រទេសជាតិ នាំឱ្យមានភាពរីកចម្រើន។

ដូច្នេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្ត ឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពពាក់ព័ន្ធដែលមានសមត្ថភាព ដៃគូអន្តរជាតិ និងសមាគមវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលឆ្មប គ្រូពេទ្យ វេជ្ជបណ្ឌិត លើជំនាញ សង្គ្រោះបន្ទាន់ផ្នែកសម្ភព ជំនាញសង្គ្រោះទារកទើបកើត ជំនាញសុខភាពកុមារ និងសុខភាពយុវវ័យ ដើម្បីពង្រឹង បង្កើនសមត្ថភាពជំនាញបច្ចេកទេសថែទាំ ព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ឱ្យទទួលបានលទ្ធផលធំច្រើនជាងមុន ជាមួយនឹងការចំណាយទាប។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ទៀតថា ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់ការសម្រាលកូនទាំងអស់ត្រូវតែធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈ ឬ ឯកជន និងត្រូវធ្វើឡើងដោយពេទ្យជំនាញឆ្មប និងវេជ្ជបណ្ឌិត ដើម្បីធានាបាននូវការសម្រាលកូនមានសុវត្ថិភាព។

លើសពីនោះទារកទើបនឹងកើត ត្រូវទទួលបានភ្លាមៗនូវការថែទាំ និងការសង្គ្រោះបន្ទាន់ (ក្នុងករណីចាំបាច់) ការតាមដានសុខភាព និងការបំបៅដោះម្តាយ ដូចនេះហើយសេវាថែទាំ និងសង្គ្រោះទារកទើបកើត ចាំបាច់ត្រូវតែមាននៅគ្រប់កន្លែងសម្ភព សម្រាលកូន។ ក្នុងករណី ដែលមានផលវិបាកណាមួយកើតឡើង សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត ត្រូវតែអនុវត្តជាបន្ទាន់ នៅនឹងកន្លែង ឬត្រូវធ្វើការបញ្ជូនឱ្យទាន់ពេលវេលាទៅមន្ទីរពេទ្យ ដែលមានការផ្តល់សេវាកម្រិតខ្ពស់ជាង ប្រកបដោយការទទួលខុសត្រូវលើការបញ្ជូនជំងឺ និងប្រឹងប្រែងអស់សមត្ថភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ទៀតថា ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជនមានគុណភាព ត្រូវចូលរួមសហការទាំងអស់គ្នា និងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងជំនាញបច្ចេកទេស ទាំងធនធាន ទាំងស្មារតី នឹងនាំទៅដល់ភាពជាដៃគូដ៏ជិតស្និទ និងមានប្រសិទ្ធភាពរវាងសេវាសាធារណៈ និងឯកជន រួមទាំងផ្នែកពាក់ព័ន្ធ។ ការជួយគ្នានេះនឹងធានាឱ្យប្រជាពលរដ្ឋ ពិសេសមាតា ទារក កុមារ យុវវ័យ និងអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពដូចគ្នា គ្រប់ទីកន្លែង។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដានរកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ អាចទប់ស្កាត់ផលវិបាក ក្នុងពេលមានផ្ទៃពោះបានទាន់ពេលវេលា និងទទួលបានការព្យាបាលសមស្រប ដោយត្រូវអនុវត្តគោលដៅដូចជា៖

១៖ គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ យ៉ាងតិច៩០% ទទួលបានការពិនិត្យថែទាំ តាមដាន យ៉ាង តិច៤ដង
២៖ គ្រប់ការសម្រាលទាំងអស់ យ៉ាងតិច៩០% ត្រូវធ្វើឡើងដោយបុគ្គលិកសុខាភិបាលមាន ជំនាញ និងនៅមូលដ្ឋានសុខាភិបាល
៣៖ គ្រប់មាតា និងទារកទើបកើតទាំងអស់ យ៉ាងតិច៨០% ទទួលបានការថែទាំជាសារវ័ន្ត ភ្លាមៗ ក្នុងពេលសម្រាល និងក្រោយសម្រាល
៤៖ គ្រប់ស្រ្តីមានផ្ទៃពោះ ប្រឈមនឹងផលវិបាកផ្នែកសម្ភពទាំងអស់ យ៉ាងតិច៨០% ទទួលបានសេវាសង្គ្រោះបន្ទាន់ ផ្នែកសម្ភព និងការថែទាំទារកទើបកើត។

សូមជម្រាបថា ក្នុងទិវាជាតិនេះក៏មានអញ្ជើញចូលរួមពីលោកស្រី ម៉ែន នារីសោ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយលោកស្រីបានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពមាតា ទារក និងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ជាមួយនឹងខ្លឹមសារប្រកបដោយអត្ថន័យដែលជាអនុសាសន៍សំខាន់ៗ អំពាវនាវជូនចំពោះបង-ប្អូន- កូនក្មួយ ជនរួមជាតិ។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ការយកចិត្តទុកដាក់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដឹកនាំសកម្មភាពដ៏មោះមុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ត្រូវចូលរួមផ្សព្វផ្សាយបន្តសារលិខិតដ៏សំខាន់នេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ សំដៅដល់ការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជាឱ្យកាន់ តែនៅទាប តាមគោលដៅកំណត់៕