(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានជំនាញ ស្នងការ ស្នងការរងនគរបាលរាជធានី-ខេត្ត។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានជំរុញក៏ដូចជាក្រើនរំលឹកឲ្យនាយកដ្ឋាន អង្គភាព មន្ទីរ ជំនាញទាំងអស់ និងស្នងការនគរបាលរាជធានី ខេត្ត បន្តផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងត្រូវតាមដាន ត្រួតពិនិត្យ ពិភាក្សាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ធ្វើយ៉ាងណាឲ្យបានល្អប្រសើរបន្ថែមទៀត។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឲ្យនាយកដ្ឋាន អង្គភាព មន្ទីរ ជំនាញទាំងអស់ និងស្នងការនគរបាលរាជធានី ខេត្ត ពង្រឹងវិធានការបង្ការ បង្រ្កាបក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងអគ្គិភ័យជាដើម៕