(ព្រះវិហារ)៖ អង្គការទឹកភ្លៀងកម្ពុជា បានទទួលជោគជ័យលើការអនុវត្តន៍គម្រោង «សុខភាព និងអនាម័យពេលមករដូវរបស់ក្មេងស្រី» ដោយរយៈពេលជាង១ឆ្នាំកន្លមកនេះ គម្រោងមួយនេះ បានផ្ដល់អត្ថប្រយោជន៍ និងកិច្ចគាំទ្រចំនួន២១សាលារៀននៅទូទាំងស្រុករវៀង នៃខេត្តព្រះវិហារ។

គម្រោងសាកល្បងស្តីពី សុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រី នៅតាមសាលារៀន ចាប់ផ្តើមអនុវត្តសកម្មភាពនៅខែកញ្ញា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥។ គម្រោងកម្មវិធីនឹងផ្តល់កិច្ចគាំ ទ្រដល់សាលារៀនចំនួន២១ ក្នុងនោះមានសាលាបឋមសិក្សាចំនួន១៦ និងអនុវិទ្យាល័យចំនួន៥ នៅក្នុង ស្រុករវៀង ខេត្តព្រះវិហារ ដែលគាំទ្រថវិកាដោយអង្គការ ខេអេចអេ (KHA) តាមរយៈ មូលនិធិ Phoinix e.V.។

គោលបំណងនៃកម្មវិធីនេះ គឺជំរុញការអប់រំផ្សព្វផ្សាយពីសុខភាពនិងអនាម័យពេលមករដូវរបស់ក្មេងស្រីនៅតាមសាលារៀនតាមរយៈការកែលម្អបរិក្ខារអនាម័យដែលមានស្រាប់សម្រាប់អនុវិទ្យាល័យចំនួន៥ និងផ្តល់កំណាត់អនាម័យស្ត្រីចំនួន ៧១១ឈុត ទៅដល់សិស្សស្រី ដើម្បីរួមចំណែកកាត់បន្ថយសំឡីប្លាស្ទិក។

ថ្លែងឱ្យដឹងនៅក្នុងប្រកាសបិទគម្រោងស្ដីពី «សុខភាព និងអនាម័យពេលមករដូវរបស់ក្មេងស្រី» លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ទោះបីរយៈពេលនៃកិច្ចសហការរវាងអង្គការទឹកភ្លៀងកម្ពុជាជាមួយក្រសួងអប់រំ យុវជន និងកីឡា មានរយៈពេល ខ្លីក៏ដោយតែលទ្ធផលនៃគម្រោងបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ភាគីពាក់ព័ន្ធបានធ្វើការរួមគ្នាដើម្បីដោះស្រាយប្រធានបទ ដែលមានសារៈសំខាន់បំផុតនោះគឺការពង្រឹងប្រសិទ្ធភាពសុខភាពបន្តពូជសម្រាប់កុមារនិងយុវនារីដែលនឹង ក្លាយជាសមាជិកមាតាពិភពលោក។

លោកស្រីបាននបន្ថែមថា រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តដើម្បីចូលរួមលើកកម្ពស់បញ្ហាសុខភាពបន្តពូជសម្រាប់កុារ និងយុវនារី ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរួម របស់ពួកគេ ដែលចាំបាច់ត្រូវចាប់ផ្តើមពីចំណេះដឹង បំណិន និងឥរិយាបថ ពាក់ព័ន្ធទៅនឹងសុខភាពបន្តពូជ ជាពិសេសគឺ ក្មេងស្រីដែលទើបចាប់ផ្តើមនិងកំពុងមានរដូវ។

យ៉ាងណាមិញ លោកស្រីបានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ដែលទទួល បានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាការទទួលបានកិច្ចសហការពីអង្គការដៃគូជាតិ និងអន្តរជាតិ ទោះបីគម្រោងនោះ ខ្លះមានរយៈ ពេលវែង ឬខ្លី ហើយ ធនធានតិចតួចយ៉ាងណាក្តី កម្ពុជាត្រូវរៀបចំជាគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ជាផែនការសកម្មភាពលម្អិត ជាសៀវភៅសិក្សាស្តីពីការអប់រំសុខភាពគ្រប់កម្រិតថ្នាក់សិក្សា និងបានបណ្តុះបណ្តាលគ្រូឧទ្ទេស គ្រូបង្រៀន និងជនបង្គោល ទទួលបន្ទុក សុខភាពសិក្សាជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍធនធានមនុស្សក្នុងយុគសម័យសទវត្សទី២១នេះ។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាប្រឈមដែលយុវជនវ័យក្មេងរបស់យើងប្រឈមមុខក្នុងការទទួលបានការអប់រំ និងសេវាកម្មសុខភាពបន្ត ពូជដ៏ទូលំទូលាយគឺពិតជាស្មុគស្មាញ និងច្រើនមុខ។ ការយល់ច្រឡំវប្បធម៌ ការប្រកាន់ទម្លាប់បូរាណ ភាពអៀនព្រៀន និង ធនធានមិនគ្រប់គ្រាន់ជាញឹកញាប់រារាំងសមត្ថភាពរបស់ពួកគេក្នុងការជ្រើសរើសព័ត៌មានពិត ឬព័ត៌មានមានប្រយោជន៍ ស្តីអំពីសុខភាពបន្តពូជរបស់ពួកគេ»

លោកស្រីបានបន្ថែមថា ដើម្បីដោះណោះស្រាយបង្ការទប់ស្កាត់ឆ្លើយតបទៅនឹងការប្រឈមនេះវាជាកាតព្វកិច្ច របស់យើងទាំងអស់គ្នាជាអ្នកអប់រំ ជាមនុស្សចាស់ជាងក្នុងការបំបែកឧបសគ្គទាំងនេះ និងបង្កើតបរិយាកាសគាំទ្រដែល យុវជនអាចរីកចម្រើនប្រកបដោយគុណភាពនិងប្រសិទ្ធភាព។

លោក ផេង គា នាយកប្រតិបត្តិអង្គការទឹកភ្លៀងកម្ពុជា បានឱ្យដឹងដែរថា អង្គការទឹកភ្លៀងកម្ពុជា ធ្វើការផ្តោតសំខាន់ទៅលើវិស័យទឹកស្អាតនិងអនាម័យនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ថែមថា បច្ចុប្បន្នយើងមានគោលដៅនៅខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តព្រះវិហារ ខណៈ នៅក្នុងខេត្តព្រះវិហារយើងមានកម្មវិធីពីរសំខាន់ៗ ទី១ គម្រោងដែលស្ថិតក្រោមការគ្រប់គ្រងធនធាទឹកចម្រុះអាងស្ទឹងសែន របស់អាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹក និងឧតុនិយម។ គម្រោងទី២ ទាក់ទងទៅនឹងសុខភាព និងអនាម័យពេលមករដូវរបស់ក្មេងស្រី។

នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ថា កម្មវិធីនេះបានចូលរួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសផ្តោតលើកុមារ ឆ្លើយតបទៅហ្នឹងយុទ្ធសាស្រ្តជាតិ លើការលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវា សុខភាពចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន និងការផ្គត់ផ្តង់ទឹកស្អាតដល់បុគ្គលិកអប់រំនិងអ្នកសិក្សាជាដំណាក់កាលៗ។

«ក្រៅពីនេះអង្គការទឹកភ្លៀងកម្ពុជា យើងបាននឹងកំពុងធ្វើការទាក់ទងនឹងវិស័យសុខភាព និងអនាម័យពេលមរដូវរបស់កុមារនៅក្នុងខេត្តព្រះវិហារសម្រាប់គម្រោងជំហាន២ ២៧សាលានៅក្នុងស្រុករវៀង»