(កណ្ដាល)៖ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសាលាបឋមសិក្សាជ័យឧត្ដម ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មាឱកាសចុះពិនិត្យវឌ្ឍនភាពនេះ លោកអភិបាលខេត្តបានទូលព្រះចៅអធិការវត្តជ៏យឧត្តម ពីការធានាចេញថ្លៃឈ្នួលជាង១០០% សម្រាប់ការសាង់ឲ្យចប់ជាស្ថាពរ ហើយបានណែនាំដល់មេជាង និងកូនជាងទាំងអស់ ត្រូវសាងសង់ ប្រកបដោយបច្ចេកទេស ធានាបាននូវសំណង់គង់វង្សយូរអង្វែង ព្រោះសំណង់អាគារសិក្សានេះ មានគុណតម្លៃណាស់សម្រាប់កូនចៅខ្មែរយើងបានចូលសិក្សារៀនសូត្រ ថាមិនត្រូវកូនរបស់ជាងសំណង់ ក៏មករៀននៅក្នុង អគារសិក្សានេះក៏ថាបាន។ អីចឹងត្រូវសាងសង់ប្រកបដោយស្តង់ដាខ្ពស់ ធ្វើឲ្យស្អាត និងរឹងមាំសម្រាប់កូនចៅយើងតជំនាន់។
ជាមួយគ្នានេះ ព្រះវិជ័យសីលមុនី កាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម បានមានថេរដីកាអរគុណជាអនេកកប្បការដ៏ជ្រាលជ្រៅជាទីបំផុតចំពោះទឹកចិត្តដ៏ល្អបរិសុទ្ធជ្រះថ្លារបស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់អគារសិក្សាមួយខ្នងនេះ ហើយរឹតតែពិសេសនោះ ក្នុងនាមចៅអធិការ និងជាស្ថាបនិកគំនិតផ្ដួចផ្ដើម ពិតជាត្រេកអរជាពន់ពេកដែលអភិបាលខេត្តកណ្ដាលលោក គួច ចំរើន បានសម្រេចជួយចេញថ្លៃឈ្នួលជាង១០០%ដែលគិតជាថវិការប្រមាណ៦,៥០០០ដុល្លារ។
ព្រះចៅអធិការមានថេរដីការមកកាន់អ្នកយកព័ត៌មាន Fresh News លោក ហ្វាន់ ទី ប្រចាំខេត្តកណ្ដាលថា ក្នុងនាមជាចៅអថិការ និងជាស្ថាបនិក នឹងនៅតែបន្តធ្វើបុណ្យផ្កាប្រាក់សមាគមមហាសាមគ្គីដើម្បីប្រមូលបច្ច័យ មកកសាងអគារសិក្សា១ខ្នងទទឹង១០ម៉ែត្រ បណ្តោយ៧៣ម៉ែត្រ កំពស់២ជាន់១៦បន្ទប់ ដែលអាចទ្រទ្រង់កូនសិស្សសិក្សា៦០០នាក់រៀនសូត្រនៅសាលាបឋមសិក្សាជ័យឧត្តម ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលគ្រោងថវិការចំណាយទាំងសម្ភារមួយឈុតប្រមាណ៤៥ម៉ឺនដុល្លារធ្វើយ៉ាងណាសំដៅដល់ការបញ្ចប់គម្រោងនេះយ៉ាងពិតប្រាកដ។
បន្សល់នូវស្នាដៃកេរិ៍មរតករបស់សប្បុរសទាំងឡាយ ដែលបានខិតខំរួមគ្នាកសាងអគារសិក្សានេះជូនដល់កូនចៅបានសិក្សារៀនសូត្រ ដ្បិតថា អគារសិក្សានៅក្នុងសាលាបឋមសិក្សានេះ មានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ មានអាយុកាលសំណង់ជាង៦០ឆ្នាំមកហើយ ខណៈដែលអគារទាំងនោះមានសភាពប្រេះស្រាំដោយដុំ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពសិស្ស ទើបព្រះអង្គផ្ដើមគំនិតកសាងអគារថ្មីនេះឡើង ដើម្បីជាចំណែកបុណ្យដ៏ធំធេងរបស់សប្បុរសជនទាំងឡាយដែលមានសទ្ធាជ្រះថ្លាជួយកសាងអគារនេះឡើង។
ជាមួយគ្នានេះលោក តាំង វុទ្ធី នាយកសាលាបឋមសិក្សាជ័យឧត្តម និងសិស្សានុសិស្សទាំងអស់ បានលើកម្រាមដៃដប់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ព្រះវិជ័យសីលមុនីកាន់ សំអុល ព្រះចៅអធិការវត្តជ័យឧត្តម ,លោកគួច ចំរើន អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំទាំងអស់ និងសប្បុរសជនគ្រប់ទិសទីទាំងឡាយ ដែលមានសទ្ធាជ្រះថ្លា រួមគ្នាចូលបច្ច័យជួយកសាងអគារសិក្សានេះឡើងយ៉ាងស្រស់ស្អាត រឹងមាំ ជូនដល់កូនខ្មែរ កូនចៅយើងឲ្យមានកន្លែងសិក្សារៀនសូត្រសមប្រកបដោយផាសុកភាព និងស្តង់ដាត្រឹមត្រូវ។
ជាមួយគ្នានេះលោកនាយក និងលោកគ្រូ អ្នកគ្រូទាំងអស់នៃសាលាបឋមសិក្សាជ័យឧត្តម ប្ដេជ្ញាបន្តខិតខំបង្រៀនដល់កូនចៅយើង ឲ្យអស់ពីសមត្ថភាព បង្រៀនប្រកបដោយគុណភាព យកបេះដូងមកបង្រៀន ដើម្បីបណ្ដុះបណ្ដាល កូនចៅយើងតាំងពីចំណេះដឹង អាកប្បកិរយា មាយាទល្អ សីលធម៌ល្អ សមប្រកបដោយចិត្តជ្រះថ្លា ក្លាយជាធនធានមនុស្សដ៍ល្អ និងពេញដោយសមត្ថភាព ដើម្បីជួយគ្នាកសាងប្រទេសជាតិ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនឡើង សមប្រកបដោយសន្តិភាព និងរុងរឿងទៅមុខជារៀងរហូត៕