(ស្វាយរៀង)៖ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ២២កុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
លោកបានថ្លែងថា ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យដែលកំពុងប្រារព្ធធ្វើនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលបង្ហាញជូនប្រជាពលរដ្ឋនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបន្តថា គ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ មានឥទ្ធិពលខ្លាំងក្លា ណាស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាទ្រព្យសម្បត្តិ សម្ភារ មាសប្រាក់ និងផ្ទះសម្បែង អាចនឹងត្រូវបំផ្លាញត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារករណីអគ្គីភ័យនេះ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងមិនមានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវ។
ទន្ទឹមនេះ ដើម្បីចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គីភ័យ តាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទិវានេះនឹងក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការចូលរួមបំផុសស្មារតី និងក្រើនរំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមកាន់តែខ្លាំងក្លា និងសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រព័ន្ធ សុវត្ថិភាពសង្គម និងការគ្រប់គ្រងគ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យនេះ។
លោកអភិបាលរង បានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
*១៖ ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យ នៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ ដូចជាក្រុងបាវិតជាដើម
*២៖ ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា
*៣៖ ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឲ្យបានគ្រប់គ្រាន់
*៤៖ ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ
*៥៖ ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ
*៦៖ គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួមសណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង
*៧៖ នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាព
*៨៖ មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ
*៩៖ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឲ្យមានរៀបចំរក្សាផ្លូវដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ហើយករណីនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ
*១០៖ ទន្ទឹមនេះ ស្នើដល់កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕