(បន្ទាយមានជ័យ)៖ លោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបន្ដដឹកនាំកម្លាំងជំនាញចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន។
លោក ម៉ក់ ជីតូ បានបញ្ជាក់ថា ដើម្បីអនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ គណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានរៀបចំផែនការចុះបំពេញបេសកកម្ម ពិនិត្យសភាពការណ៍លំហូរគ្រឿងញៀន នៅតាមច្រកព្រំដែន ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក ម៉ក់ ជីតូ បានចុះពិនិត្យសភាពការណ៍នៅតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ៕