(ភ្នំពេញ)៖ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ​និងសាកលវិទ្យាល័យ Harvard បានរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយស្ដីពីមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្ម​សេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ការធ្វើពិពិធកម្មផលិតផលថ្មី និងផលិតផលដែលមានលក្ខណៈកាន់តែជឿនលឿន គឺជាកត្តាចម្បងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ យោងតាមទស្សនទានរបស់លោកសាស្រ្តាចារ្យ Hausmann អំពីការវិភាគលើកំណើន (Growth Diagnostics) សេដ្ឋកិច្ចដែលមានពិពិធភាព ​(Economic Complexity) និងលម្ហផលិតផល (Product Space) បានលើកឡើងថា ជារឿយៗ ការសម្រេចបានកំណើនសេដ្ឋកិច្ចអាស្រ័យលើផលិត​ផលចម្រុះទំនើប​ដែល​ប្រទេសមួយអាចផលិត និងនាំចេញបាន។ អ្នកចូលរួមសិក្ខាសាលាបានពិភាក្សាអំពីលទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តសមស្របនៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងកំណត់កាលានុវត្តភាពដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ការធ្វើពិពិធកម្ម និងកំណើន។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក​ វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ និងលោក ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។ សិក្ខាសាលានេះផងដែរ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ខាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

លោក ស៊ុន ចាន់ថុល លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តវិធានការគោលដៅ ដើម្បីទាក់ទាញការវិនិយោគផ្ទា​ល់ពីបរទេសដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីកសមត្ថភាពឧស្សាហកម្មក្នុងប្រទេស និងបង្កើនប្រសិទ្ធភាពនៃសមាហរណកម្មខ្សែច្រវាក់តម្លៃសកល (Global Value Chain)។ រាជរដ្ឋាភិបាលមានការសម្រេចចិត្តខ្ពស់ក្នុងការបង្កើតបរិការណ៍សេដ្ឋកិច្ចមួយ​ដែលជំរុញភាពច្នៃប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ចរយៈពេលវែង។

លោក វង្សី វិស្សុត បានឱ្យដឹងថា សិក្ខាសាលាជាន់ខ្ពស់នេះផ្ដល់ឱកាសដ៏កម្រមួយសម្រាប់អ្នករៀបចំគោលនយោបាយ អ្នកជំនាញអន្តរជាតិ អ្នកអនុវត្ត ដៃគូអភិវឌ្ឍ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីពិភាក្សាស៊ីជម្រៅលើសំណួរសំខាន់ៗដែលដឹកនាំអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៖ សំណួរទីមួយ តើកម្ពុជាអាចចាប់យកសក្តានុពល និងឱកាសរបស់ខ្លួនដើម្បីរក្សាកំណើនសេដ្ឋកិច្ចដោយរបៀបណា? សំណួរទីពីរ តើយើងដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ឧបសគ្គរាំងស្ទះចម្បងៗ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានកំណើនរបស់យើង និងពង្រឹងការប្រកួតប្រជែងរបស់យើង ដើម្បីធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់ដោយរបៀបណា? ហើយសំខាន់បំផុត តើយើងនឹងឈានទៅទីណាបន្ទាប់ពីនេះ?

លោក ដេរីក យីប បានលើកឡើងថា អូស្រ្តាលីមានសេចក្តីរីករាយដែលបានសហការ​​ជាមួយកម្ពុជាក្នុងការរៀបចំយុទ្ធ​សាស្រ្ត​​កំណើន​ថ្មីមួយ សម្រាប់កម្ពុជាក្រោយពេលចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សិក្ខាសាលានេះគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហការ​របស់​យើងជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ​ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍអនាគតជាចម្បងរបស់កម្ពុជា។ លោកបានបន្តថា អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជាក្នុងការសម្រេចបាននូវកំណើនប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។

សិក្ខាសាលាជាន់ខ្ពស់នេះរៀបចំឡើងដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធីនេះ មានការចូលរួមពីសំណាក់លោកសាស្រ្តាចារ្យ Hausmann ដោយលោកបានបញ្ជាក់ពីការប្តេជ្ញារបស់អូស្រ្តាលី​ដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ធសាស្រ្ត និងគាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។

សូមជម្រាបថា លោក Ricardo Hausmann គឺជាស្ថាបនិកនិងជានាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard និងជាសាស្រ្តាចារ្យ Rafik Hariri បង្រៀនលើការអនុវត្តសេដ្ឋកិច្ចនយោបាយអន្តរជាតិ នៅសាកលវិទ្យាល័យ Harvard Kennedy។ លោកសាស្រ្តាចារ្យជាអ្នកផ្ដួចផ្ដើមបង្កើតវិធីសាស្រ្តដើម្បីធ្វើការវិនិច្ឆ័យលើកំណើនសេដ្ឋកិច្ច (Growth Diagnostic) និងសេដ្ឋកិច្ចដែលមានពិពិធភាព (Economic Complexity ) រួមទាំងយុទ្ធសាស្រ្តសេដ្ឋកិច្ចដទៃទៀត​ ដូចជា Dark Matter, Original Sin, និង Self-discovery។

ចាប់តាំងពីបើកដំណើរការ Growth Lab ក្នុងឆ្នាំ ២០០៦​ លោក Hausmann បានដឹកនាំសកម្មភាពស្រាវជ្រាវជាង៥០គម្រោង ក្នុងប្រទេសជិត៣០នៅទូទាំងពិភពលោក រួមមានសហរដ្ឋអាមេរិកផងដែរ។ ការស្រាវជ្រាវទាំងនេះផ្តោតលើគោលនយោបាយអភិវឌ្ឍន៍ យុទ្ធសាស្រ្តកំណើន និងរបៀបវារៈពិពិធកម្មនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់រាជធានី។ មុនពេលចូលបម្រើការនៅសកលវិទ្យាល័យ Harvard លោកគឺជា​នាយក​ផ្នែកសេដ្ឋកិច្ច នៃធនាគារអភិវឌ្ឍអន្តរអាមេរិក នាយកនៃគណកម្មា​ការអភិវឌ្ឍធនាគារ​ពិភពលោក និង​ស្ថាប័នមីក្រូហិរញវត្ថុ សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្តាលនៃប្រទេសប្រទេសវ៉េណេស៊ុយអេឡា និងជារដ្ឋមន្រ្តីក្រសួងផែនការវ៉េណេស៊ុយអេឡាពីឆ្នាំ១៩៩២-១៩៩៣។

កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) គាំទ្រកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ CAPRED សហការជាមួយវិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាលដែលមានសមាសភាពចំនួនបី រួមមាន៖ ការអភិវឌ្ឍវិស័យកសិកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសហគ្រាស និងសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ។

គោលដៅរបស់ CAPRED នៅឆ្នាំ២០៣១ ចែកចេញជា២ដំណាក់កាល៖ ដំណាក់កាលទី១៖ គាំទ្រដៃគូគោលដៅក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ បង្កើត និងអនុវត្តគោលនយោបាយ ដែលជំរុញដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំណើនភាពធន់ និងបរិយាបន្ន នៅក្នុងសកម្មភាពរបស់ CAPRED។
ដំណាក់កាលទី២៖ គាំទ្រដៃគូគោលដៅវិស័យឯកជន បង្កើត និងអនុវត្តគំនិតផ្តួចផ្តើមពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ននៅក្នុងសកម្មភាពរបស់ CAPRED។

ប្រធានបទអន្តរវិស័យសំខាន់ៗមួយចំនួន រួមមាន៖ សមភាពយេនឌ័រ ពិការភាព បរិយាបន្នសង្គម (GEDSI) ភាពធន់នឹងអាកាសធាតុ និងការគាំទ្រគោលនយោបាយ។ វិធីសាស្រ្តរបស់កម្មវិធីទាំងនេះអាចធានាបានដល់ការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយដោះស្រាយដោយផ្ទាល់នូវឧបសគ្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕