(ភ្នំពេញ)៖ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ (BELTEI IR) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ បានបញ្ជូនសិស្សចំនួន ១១រូប មកពីសាលា ប៊ែលធី អន្តរជាតិ ដែលក្នុងនោះមានសិស្សនិទ្ទេស A ចំនួន ៤រូប និង សិស្សពូកែចំនួន ៧រូប ដែលបានទទួលអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅ វិទ្យាស្ថាន East Asia Institute of Management (EASB) នៃប្រទេសសិង្ហបុរី។
បុគ្គលិកការិយាល័យប៊ែលធី អន្តរជាតិបានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ (BELTEI IR) បានបញ្ជូនសិស្សចំនួន ៥២រូប រួចហើយ ដែលបានទទួលអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅតាមសាកលវិទ្យាល័យនានា ឯក្រៅប្រទេស ដែលបានចុះអនុស្សារណៈគ្នា (MoU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងនោះមាន ចក្រភពអង់គ្លេស ចំនួន ១១រូប, សិង្ហបុរី ចំនួន ៤០រូប និងសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១រូប ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងជាប្រធានការិយាល័យ ប៊ែលធីទំនាក់ទំនងអន្តរជាតិ បានឲ្យដឹងថា ការិយាល័យប៊ែលធី ទំនាក់ទំនងអន្តរជាតិ គឺជាផ្នែកមួយ នៃប៊ែលធី គ្រុប ដែលមានបម្រើសេវាកម្ម ៣ ធំៗ ដូចជា ៖
១. បញ្ជូនសិស្ស-និស្សិត ប៊ែលធី រៀនពូកែ ឬ សិស្សនិទ្ទេស A ដែលទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសជាមួយសាកលវិទ្យាល័យ ជាដៃគូ (MoU)។
២.មានបម្រើសេវាកម្មបញ្ជូនសិស្ស-និស្សិតទូទៅ ទូទាំងប្រទេស ដែលមានបំណងចង់ទៅសិក្សា នៅឯក្រៅប្រទេស ទូទាំងពិភពលោក ដូចជាៈ សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្រ្តាលី ញូហ្សេឡេន សិង្ហបុរី ចិន កូរ៉េ ថៃ ។ល។ សូមបញ្ជាក់ផងដែរថា ថ្មីៗនេះ បានបញ្ជូនសិស្សចំនួន ២រូប ទៅសិក្សានៅសហរដ្ឋអាមេរិក គឺ ប្អូន តាំង លីហេង ទៅសិក្សា នៅសាលា Edmonds Community College ក្នុង រដ្ឋវ៉ាស៊ីនតោន និង ប្អូន វង្ស លីហេង ទៅសិក្សានៅ សាលា EF (Education Frist), San Francisco Mills College, ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងកំពុងតែរៀបចំឯកសារបញ្ជូនសិស្ស-និស្សិតទៅសិក្សាឯបរទេស ជាបន្តបន្ទាប់។
៣.មានបម្រើសេវាកម្មរៀបចំបញ្ជូនសិស្ស-និស្សិតទៅធ្វើទស្សនកិច្ចសិក្សា(Study Tour) នៅក្រៅប្រទេស រយៈពេល ១សប្តាហ៍ រហូតដល់ ១ខែ នៅតាមសាកលវិទ្យាល័យ ឬ គ្រឹះស្ថានសិក្សានានា ពាសពេញ ពិភពលោក។ យ៉ាងណាមិញ កាលពីខែកក្កដា ឆ្នាំ២០១៦ បានបញ្ជូនសិស្ស សាលា ប៊ែលធី អន្តរជាតិ ចំនួន ១០៥ រូបទៅចូលរួមការបោះជំរំ IYF World Camp នៅប្រទេសកូរ៉េ។ ជាមួយគ្នានេះដែរ កាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ បានបញ្ជូនសិស្សចំនួន ១៧រូប ទៅធ្វើទស្សនកិច្ចសិក្សា Junior English Summer Camp រយៈពេល ២សប្តាហ៍ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយត្រលប់មកកម្ពុជាវិញ ប្រកបដោយ ភាពជោគជ័យ ។ បន្ថែមពីនេះទៀត កាលពីខែកញ្ញា ឆ្នាំ ២០១៦ បានដឹកនាំសិស្ស-និស្សិត គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សរុបចំនួន ៤៤រូប ក្នុងនោះមានសិស្សប៊ែលធីនិទ្ទេស A ២០រូប ទៅធ្វើទស្សនកិច្ច សិក្សាតាមបណ្តាសាកលវិទ្យាល័យជាដៃគូរ នៅប្រទេសថៃរយៈពេល ៥ថ្ងៃ ៤យប់។
ជាចុងបញ្ចប់ លោក លី ណាវុឌ្ឍ បានលើកឡើងយ៉ាងមុតមាំថា ការិយាល័យប៊ែលធីទំនាក់ទំនង អន្តរជាតិ គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈ ការខិតខំព្យាយាមយកចិត្តបញ្ជូនសិស្សពូកែ និងសិស្សនិទ្ទេស A នៃសាលា ប៊ែលធី អន្តរជាតិ ដែលទទួលបាន អាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេសជាសាកលវិទ្យាល័យជាដៃគូ ការបញ្ជូនសិស្ស-និស្សិតទូទៅ ដែលមកពីសាលា ឬ គ្រឹះស្ថានសិក្សានានា ដែលមានបំណងចង់ទៅសិក្សានៅឯក្រៅប្រទេស ទូទាំងពិភពលោក ពិសេសប្រទេសដែលមាន សេដ្ឋកិច្ច នយោបាយ វប្បធម៌ អរិយធម៌ និង មានប្រព័ន្ធអប់រំល្អ ដែលពិភពលោកទទួលស្គាល់ និងការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅក្រៅប្រទេស សម្រាប់សិស្ស- និស្សិតគ្រប់រូបជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងមកកាន់ ការិយាល័យប៊ែលធីទំនាក់ទំនងអន្តរជាតិ ដែលមានអាសយដ្ឋាននៅក្នុង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អាគារលេខ ២១ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ តាមរយៈលេខទូរស័ព្ទលេខ 099 9999 86, 077 77 66 08, 01234 35 49 ៕