(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិបាត់ដំបងជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលជាក្រុមហ៊ុនផលិត និងដំឡើងរថយន្តហ្វតដ៏ធំនៅខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេប ស្តីវឌ្ឍនភាពនានា សាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលើកពីសារៈសំខាន់នៃអនុស្សរណៈរវាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia) ដែលនឹងផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក និងការផ្តល់ឱកាសដល់និស្សិតធ្វើទស្សនកិច្ចសិក្សា ហាត់ការ និងឱកាសការងារជាបុគ្គលិកនៅក្នុងក្រុមហ៊ុន អ អិម អេ (RMA Cambodia) នេះផ្ទាល់តែម្តង។

លោក Grant Honeyman ប្រធានគ្រប់គ្រងទូទៅផ្នែកធនធានមនុស្សនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់នេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនិស្សិតចូលបម្រើការងារ នៅក្នុងក្រុមហ៊ុនក្រោយបញ្ចប់ការសិក្សា និងការទទួលនិស្សិតហាត់ការ ព្រមទាំងទស្សនកិច្ចសិក្សារយៈពេលខ្លីផងដែរ។

លើសពីនេះទៅទៀតក្រុមហ៊ុននឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីជាប្រយោជន៍ជូនដល់សាកលវិទ្យាល័យ និងចូលរួមក្នុងការអភិវឌ្ឍកម្ម វិធីសិក្សារបស់សាកលវិទ្យាល័យដើម្បីធានាដល់ ការឆ្លើយតបក្នុងទីផ្សារការងារផងដែរ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីទាំងពីរ និងជាពិសេសនិស្សិតសរុបប្រមាណជាង៤០០នាក់ផងដែរ៕