(ព្រះវិហារ)៖ រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុកស្តីពីការងារការពារធនធានធ្មជាតិ ទប់ស្កាតបទល្មើសព្រៃឈើ និងនេសាទខុសច្បាប់ ការងារការពារ ដីសម្បទានសេដ្ឋកិច្ច ការងារគ្រប់គ្រងបណ្តាញសង្គម ការងាររ៉ែ និងថាមពល ការងារការពាឧទ្យានឫស្សីត្រឹប និងការងារព្រំដែន ទប់ស្កាត់អន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ និងទំនិញខុសច្បាប់។

កិច្ចប្រជុំនាពេលនេះស្ថិតក្រោមវត្តមានលោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំង៣របស់ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។

លោក អ៊ុំ សុភឿន បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំង៣របស់ស្រុក ត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តឱ្យបានម៉ឺងម៉ាត់ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ ការនេសាទ ខុសច្បាប់ ការការពារឧទ្យានឫស្សីត្រឹប ក៏ដូចជាការងារគ្រប់គ្រងព្រំដែន ពិសេសទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ និងទំនិញខុសច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់។ លោកថា កិច្ចប្រជុំក៏បានលើកឡើងនូវការ ត្រៀមរៀបចំសង្ក្រានឆ្នាំថ្មីខាងមុខនេះ ក៏ដូចជាការងារពង្រឹងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពផងដែរ។

ទាក់ទងការងារព្រំដែន និងការទប់ស្កាត់អន្តោប្រវេសន៍ឆ្លងដែនខុសច្បាប់ ដែលកិច្ចប្រជុំបានលើកឡើងដើម្បីអនុវត្ត បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បាននិយាយថា សព្វថ្ងៃនេះបទល្មើសឆ្លងដែនខុសច្បាប់ នៅព្រំប្រទល់ប្រទេសកម្ពុជា និងប្រទេសឡាវ កំពុងតែមានសភាពគគ្រឹកគ្រេងណាស់ ក្រៅពីការដឹកជញ្ជូនទំនិញ គឺការនាំជនជាតិចិនឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅឡាវ ទាំងយប់ទាំងថ្ងៃ ប៉ុន្តែបច្ចុប្បន្ននេះគឺភាគច្រើនគេដឹកជញ្ជូននៅពេលថ្ងៃ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនជាតិចិនដែលគេនាំឆ្លងដែនចេញពីប្រទេសកម្ពុជា ទៅប្រទេសឡាវដោយខុសច្បាប់តាមទូកនោះ គឺធ្វើឡើងនៅចំណុចមាត់ពាម លើមាត់ពាម កន្លែងផ្ទះត្រចៀកកាំនៅភូមិលើ ក្រោមផ្សារផ្លូវក្រវ៉ាត់ថ្មីនៅចង្កេះភ្នំ នៅខាងកំពង់ពោធិហួសចំការក្រូច និងអែបចំការក្រូច។ ទីតាំងទាំងនេះ សុទ្ធតែជាចំណុចដែលគេនាំជនជាតិចិនឡើងទូកទៅប្រទេសឡាវ និងមានចំណុចទីតាំងមួយចំនួនទៀត ដែលគេយក ជនជាតិចិន លាក់ទុក មុននឹងដឹកបញ្ជូនតាមរថយន្តចុះទូកទៅប្រទេសឡាវ នៅចំណុចទីតាំងខាងលើ។

សេចក្តីរាយការណ៏ បានបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនជនជាតិចិនឆ្លងដែនដោយខុសច្បាប់នៅច្រកព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ គឺមានអ្នកធ្វើជាច្រើនក្រុមណាស់  ប៉ុន្តែមាន៤ក្រុម គឺសុទ្ធតែជាក្រុមដែលគេអះអាងថា ស្គាល់ឈ្មោះ និងតួនាទីពិតប្រាកដ។ សកម្មភាពនាំជនជាតិចិនឆ្លងដែនខុសច្បាប់របស់ពួកគេ មិនខុសពីសកម្មភាពការរកស៊ីបទល្មើសឈើក្រញូងកាលពីប៉ុន្មានឆ្នាំមុននោះទេ គឺគេរៀបចំខ្សែបណ្តាញយ៉ាងត្រឹមត្រូវច្បាស់លាស់ទៀតផង។

ប្រជាពលរដ្ឋថ្លែងបញ្ជាក់ថា សកម្មភាពបទល្មើសឆ្លងដែនពីឡាវមកកម្ពុជា និងពីកម្ពុជា-ទៅឡាវ ពិសេសបទល្មើសនាំជនជាតិចិនឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ គាត់ជឿជាក់ថា កម្រិតថ្នាក់ខេត្ត ថ្នាក់ស្រុក មិនអាចធ្វើការបង្ក្រាប និងទប់ស្កាត់បានទេ លុះត្រាតែមានការសហការពីកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ជាតិ ទើបអាចបង្រ្កាបករណីនេះបាន។

បើចង់ដឹងថាតើអ្នកណាមួយ ឫក្រុមណាមួយ ដែលជាអ្នកនៅពីក្រោយខ្នងនៃការនាំជនជាតិចិនឆ្លងដែនខុសច្បាប់នោះ ត្រូវដាក់បណ្តាញតាមសង្កេត ឃ្លាំមើល នោះពិតជាដឹងច្បាស់មិនខាន?៕