(រតនគិរី)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានប្រារព្ធ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ»។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ញាន ទិត្យចិន្តា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដោយមានការ អញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក អនុសាខាស្រុក យុវជន អ្នកស្ម័គ្រិចត្តកាកបាទក្រហម ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ស្ត្រីមានកូនតូច សរុបប្រមាណ១២១នាក់ នៅសាលាស្រុកលំផាត់។
មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកស្រី ញាន ទិត្យចិន្តា បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី និងបានជម្រាបជូនពីគោលបំណង នៃការប្រារព្ធទិវានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារទាំង ៦ចំណុច ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួម ចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត អប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់ គាំពារ សុខភាពស្រ្តីជាមាតា និងកុមារ រួមទាំងការទប់ស្កាត់ ការចម្លងមេរោគអេដស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។
សូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លង មេរោគ ពីម្តាយទៅកូន។
សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ។ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់។ សូមបំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបបរខាប់គ្រប់គ្រឿងដល់កុមារ។ សូមយុវតី-ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកស្រីគណៈអធិបតី និងប្រតិភូអមដំណើរបាន ចែកឃីតដល់ស្ត្រីមានផ្ទៃពោះចំនួន ២២នាក់ ក្នុង១នាក់បានទទួលបាន៖ ពូកឈុតកូនក្មេង ១ ស្រោមដៃ ស្រោមជើងកូនក្មេង ១គូរ ខោអាវកូនង៉ែត ១ឈុត ម្សៅកូនក្មេង ១កំប៉ុង និងសាប៊ូកូនក្មេង ១ដប។ ចំណែកប្រជាពលរដ្ឋចូលរួមក្នុងទិវាទទួលបាន សារ៉ុង១ និងសាប៊ូ ១ដុំ។ បន្ថែមពីនេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានពិនិត្យសុខភាពជូនប្រជាលរដ្ឋដែលចូលរួមក្នុងទិវា (ពិនិត្យផ្ទៃពោះ សម្ពាធឈាម ជាតិស្ករ) ផងដែរ៕