(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានគណៈកម្មការទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូបង្រៀនស្ម័គ្រចិត្តពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពី៤ឆ្នាំមុន រស់នៅជាមួយកូនស្រី ក្នុងបន្ទុកគ្រួសារមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការចុះសួរសុខទុក្ខនេះដែរ ក៏មានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងក្រុមការងារជាច្រើនរូបទៀតផងដែរ។
បើតាមលោកគ្រូបង្រៀនស្ម័គ្រចិត្តពិការរភាពឈ្មោះ មាស ប៊ុនធា វ័យ៤៤ឆ្នាំ បានរៀបរាប់ថា កាលអំឡុងពេល៤ឆ្នាំមុន លោកបានធ្វើការងារមួយកន្លែងនៅភ្នំពេញ ក្រោយពីចេញពីហាត់ប្រាណពេលល្ងាចត្រូវបានរថយន្ត កៀរឲ្យដួលរងរបួសពិការភាពដៃខាងស្តាំនិងជើងខាងស្ដាំរហូតដល់សព្វថ្ងៃនេះ។
លោកបានបន្តថា ក្រោយពីធ្លាក់ខ្លួនពិការប្រពន្ធរបស់លោក ក៏បានរត់ចោលទៅរៀបការប្តីថ្មី បន្សល់ទុកកូនស្រីម្នាក់រស់នៅជាមួយលោក ទាំងជីវភាពលំបាកខ្វះមុខខ្វះក្រោយ តែនៅតស៊ូឲ្យកូនស្រីរៀន ហើយកូនស្រី លោកក៏ជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងស្វាយរៀង ខេត្តស្វាយរៀងផងដែរ។
លោកបានបន្ថែមថា ដោយចង់បង្ហាញពីសមត្ថភាពដល់ប្អូនៗកូនក្មួយ នៅក្នុងភូមិក៏បានបើកបង្រៀនគួរក្រៅម៉ោងដែលមិនគិតកម្រៃមានរយៈពេល៤ ឆ្នាំមកហើយ ចាប់តាំងពីលោកបានមករស់នៅស្រុកកំណើតវិញ តែដោយសារមានជីវភាពខ្វះខាត លោកក៏សុំឲ្យប្អូនៗជាសិស្សដែលមានលទ្ធភាពជួយឧបត្ថម្ភមួយខែម្នាក់មួយម៉ឺនរៀល ដើម្បីបានថវិកាទិញអង្ករហូប និងសម្ភារនៃការបង្រៀន។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសម តារាបានផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចកិត្តិសង្ហហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ជូនដល់ក្មួយៗសិក្សានុសិស្សទាំងអស់ ដោយក្តីនឹករលឹក និងបានផ្តាំផ្ញើលើកទឹកចិត្តដល់លោកគ្រូស្ម័គ្រចិត្តពិការភាព និងកូនស្រី ត្រូវខិតខំបន្តបង្រៀនក្មេងៗនៅក្នុងសហគមន៍ដើម្បីផ្ដល់ចំណេះដឹងឲ្យក្មេងៗបានសិក្សាបន្ថែមក្រៅពីរៀននៅក្នុងសាលារបស់រដ្ឋផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតបានកោតសរសើរលោកគ្រូស្ម័គ្រចិត្ត ទោះបីជាខ្លួនពិការតែមានទឹកចិត្តស្រឡាញ់ការរៀនសូត្រ បានចែករំលែកចំណេះដឹងឲ្យប្អូនៗក្មួយៗនៅក្នុងសហគមន៍បានសិក្សារៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ហើយនៅពេលអនាគតនិងអាចក្លាយជាថ្នាក់ដឹកនាំ មន្ត្រីរាជការល្អ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗនាពេលនេះ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ជាការពិតណាស់ មានតែចំណេះវិជ្ជាទេ ដែលបានជួយមនុស្សឲ្យថ្កុំថ្កើងបាន ព្រោះចំណេះគឺជាឃ្លាំងទ្រព្យ កាលណាមានចំណេះវិជ្ជាហើយ គេអាចយកចំណេះវិជ្ជានេះទៅប្រកបរបរ បានគ្រប់យ៉ាងតាមជំនាញរបស់គេ ហើយដើម្បីមានចំណេះទាល់តែយើងប្រឹងប្រែងរៀនសូត្រលត់ដំដោយខ្លួនឯង គ្មាននរណាជួយយើងក្រៅពីខ្លួនឯងនោះទេ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះលោកបណ្ឌិត សម តារា បានសន្យាផ្ដល់ម៉ូតូមួយគ្រឿងដល់ក្មួយស្រីត្រូវជាកូនរបស់លោកគ្រូពិការ និងឧបត្ថម្ភថវិការៀនសូត្រប្រចាំខែមួយចំនួនបន្ថែមទៀត ព្រមទាំងជូនប៊ិច សៀវភៅនិងថវិកាមួយចំនួនដល់សិស្សានុសិស្ស ព្រមទាំងក្រុមការងារសរុបថវិកា២.៦០០០០០រៀលផងដែរ៕