(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានព្រមានធ្ងន់ៗដល់ជនទាំងឡាយណាដែលលួចប្រព្រឹត្តបទល្មើសនឹងកាប់បំផ្លាញព្រៃឈើ។ លោក សាយ គឹមឡម បានថ្លែងបែបនេះក្នុងប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលស្រុកស្ទោង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធ កងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារធនធានធម្មជាតិព្រៃឈើនៅក្នុងតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង បន្ថែមទៀតព្រោះកន្លងមកមាន ជនឱកាស និយមតែងតែលួចកាប់ឈើធ្វើអាជីវកម្មបំផ្លាញ និងរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យផងដែរ។

លោកបានព្រមានធ្ងន់ៗដល់ជនទាំងឡាយណា ដែលលួចប្រព្រឹត្តបទល្មើសនឹងកាប់បំផ្លាញព្រៃឈើទាំងតំបន់ខាងលើ និងព្រៃនាមជាពិសេស ព្រៃនៅក្នុងតំបន់បីដែលជាតំបន់អភិរក្សនិងជាជម្រកត្រីពង និងជនទុច្ចរិតដែលតែងតែ លួចនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ ដែលនាំឲ្យធនធានមច្ឆជាតិឆាប់ បាត់បង់ឬផុតពូជយ៉ាងឆាប់រហ័ស។

លោកបានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ និងជំនាញពាក់ព័ន្ធក៏ដូចជាអ្នកអនុវត្តកិច្ចការនេះត្រូវ ដកខ្លួនឲ្យផុតពីបទល្មើសធនធានធម្មជាតិព្រៃឈើ និងធនធានជលផលដើម្បីចៀសវាងនូវទោសទ័ណ្ឌច្បាប់ជាធរមាន។

លើសពីនេះលោកបានលើកទឹកចិត្តដល់កងកម្លាំងទាំង៣ ត្រូវខិតខំអនុវត្តកិច្ចការបង្ក្រាបបទល្មើសទូទៅ ក្មេងទំនើង និងបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋទូទៅក្រោមម្លប់សន្តិភាព។

លោកអភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់គ្រប់រដ្ឋបាលឃុំ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រោមឱវាទត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ឲ្យបានដល់ជណ្តើរផ្ទះ និងយកចិត្តទុកដាក់ខ្ពស់លើ សុខទុក្ខសុខមាលភាពព្រមទាំងជីវភាព តម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ទូទៅថែមទៀត៕