(តាកែវ)៖ ក្រោយធ្វើការស្រាវជ្រាវ និងស៉ើបអង្កេតក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងកងរាជអាវុធខេត្តតាកែវ បានចាប់ឃាត់ខ្លួន ជនសង្ស័យ៦នាក់ ជាប់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយ អាវុធហត្ថស្រុកត្រាំកក់ បានចុះបង្ក្រាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំណុចលំនៅដ្ឋានស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងនៅចំណុចរោងបាយខាងជើងផ្ទះ ស្ថិតនៅភូមិត្រពាំងចែង ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជាលទ្ធផលកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣៩កញ្ចប់ (ធំ៥), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង, ដាវដែកចំនួន២ដើម, ម៉ូតូចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៦គ្រឿង, កាំភ្លើងកែឆ្នៃចំនួន១ដើម សម្ភារវិចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕