(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត និងមិនពាក់មួកសុវត្ថិភាព ពេលយប់នៅលើផ្លូវ៨២៣ (ផ្លូវ៤០ម៉ែត្រ) ត្រង់ចំណុចច្រកចូលសណ្ឋាគារកំពង់ដេវ៉ា ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងល្បាតចល័តតាមភូមិសាស្ត្រសំខាន់ៗដែលជាតំបន់ងាយរងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីទប់ស្កាត់កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។
ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
នាយការិយាល័យបានលើកឡើងថា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ទាំងសមត្ថកិច្ច ទាំងអ្នកធ្វើដំណើរតាមដងផ្លូវត្រូវចូលរួមអនុវត្តច្បាប់ គោរពច្បាប់ ស្វែងយល់ពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ កុំភ្លេចពាក់មួកសុវត្តិភាព កុំបើកបរលើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាពិសេសត្រូវចាំថាយើងមានក្រុមគ្រួសារ កំពុងតែរង់ចាំនៅផ្ទះ៕