(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកឧត្តមសេនីត្រី ចាប ចន្ថា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៤៖០០នាទីសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះដល់ទីតាំងសិប្បកម្មចម្រាញ់ ប្រេងខ្មៅ១កន្លែង សង្ស័យថា កំពុងធ្វើសកម្មភាពដោយគ្មានច្បាប់អនុញ្ញាតគ្រប់គ្រាន់ ស្ថិតក្នុងភូមិអូរតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ក្រុមការងារចម្រុះបានធ្វើរបាយការណ៍ដកហូតវត្ថុតាងជាច្រើន ដោយបានរក្សាទុកនៅក្នុងទីតាំងសិប្បកម្មជាបណ្ដោះអាសន្នរួមមាន៖

*ឡដុតចម្រាញ់ប្រេងខ្មៅចំនួន១ (ចំណុះប្រហែល៣០០០០លីត្រ)
*អាងទឹកចំនួន ១,ស៊ីទែនចម្រាញ់ប្រេងលើកទី១ ចំនួន៣គ្រឿង
*ស៊ីទែនផ្ទុកចំហេះចំនួន២គ្រឿង
*ម៉ូទ័របូមប្រេងចំនួន២គ្រឿង
*ស៊ីទែនផ្ទុកប្រេងចម្រាញ់ លើកទី២ចំនួន៤គ្រឿង
*ស៊ីទែនចម្រោះប្រេងចំនួន២គ្រឿង
*ស៊ីទែនផ្ទុកប្រេងក្រោមដីចំនួន១គ្រឿង
*ស៊ីទែនផ្ទុកប្រេងដំណាក់កាលទី៣ចំនួន២គ្រឿង
*ស៊ីទែនសម្រាប់ច ម្រោះប្រេងចុងក្រោយចំនួន៣គ្រឿង
*ស៊ីទែនផ្ទុកប្រេងសម្រេចចំនួន១គ្រឿង
*អាស៊ីតស៊ុលផូរិចចំនួន១៥៤ធុង ក្នុង១ធុងស្មើ៣០លីត្រ
*ម៉្សៅសូដា (SODA) ចំនួន៣៦បេ (១បេទម្ងន់ ២៥គីឡូក្រាម)
*ម៉្សៅ selica Gel ចំនួន៧០បេ (១បេទម្ងន់២០គីឡូក្រាម)
*ធុងសម្រាប់ដាក់កាកសំណល់ប្រេងចំនួន៧ធុង (១ធុងចំណុះ ១០០ ០លីត្រ)
*ធុងសម្រាប់ទម្លាក់កាកសំណល់ចំនួន១។

លោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ថា ទីតាំងសិប្បកម្មខាងលើនេះ គឺជាទីតាំងចម្រាញ់ប្រេងខ្មៅធ្វើជាប្រេងម៉ាស៊ូតរបស់ជនជាតិចិន ដែលបានធ្វើ សកម្មភាពប្រហែលជាមួយឆ្នាំកន្លងមកហើយ។

ដោយឡែកកិច្ចប្រតិបត្តិការចុះពិនិត្យទីតាំងខាងលើនេះ ដោយមានការសង្ស័យថា ទីតាំងនេះមិនទាន់មានច្បាប់គ្រប់គ្រាន់នៅឡើយ ព្រះរាជអាជ្ញាស្នើសុំខាងម្ចាស់សិប្បកម្មធ្វើការសហការដោយត្រូវយកច្បាប់អនុញ្ញាត ការបើកសិប្បកម្មខាងលើនេះទៅបង្ហាញមន្ទីរពាក់ព័ន្ធ និងតំណាងអយ្យការ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឲ្យដំណើរការបន្ត ដោយលោកព្រះរាជអាជ្ញាទុកពេលឱ្យ៥ថ្ងៃទៀត ដើម្បីយកច្បាប់ទៅត្រួតពិនិត្យទៀងផ្ទាត់។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ទៀតថា សិប្បកម្មឡសម្រាញ់ប្រេងខ្មៅមិនទាន់អាចផ្អាកសកម្មភាពបានភ្លាមៗ ដោយសារខាងរោងចក្របានកំពុងដំណើរការចម្រាញ់ប្រេងជ្រុល១ឡនេះទៅហើយ។ ព្រោះការចម្រាញ់ប្រេង១ដងត្រូវប្រើរយៈពេល៩ថ្ងៃ ទើបអាចបញ្ឈប់បាន តែការចម្រាញ់របស់សិប្បកម្ម១លើកនេះ ទើបតែបានរយៈពេល៤ថ្ងៃ ដូច្នេះខាងម្ចាស់សិប្បកម្មសុំដំណើរការរយៈពេល ៥ថ្ងៃទៀតដើម្បីឲ្យគ្រប់៩ថ្ងៃ ទើបអាចផ្អាកបាន៕