(ស្វាយរៀង)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំស្តីពីជំរុញការ អនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាប្រតិភូក្រសួងសុខាភិបាល, លោកអភិបាលរងខេត្ត ,លោកនាយករដ្ឋបាលសាលាខេត្ត, លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត, លោក លោកស្រី ជាសមាជិក សជិកានៃអង្គប្រជុំសរុបប្រមាណ២០០នាក់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ការងារផ្តល់សេវាសាធារណៈថ្នាក់មូលដ្ឋានពិសេសថ្នាក់មណ្ឌលសុខភាព និងការងារការថែទាំសុខភាពបឋម (PHC-BIF) មានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាលបានបញ្ចូល ទៅក្នុងផែនការវិនិយោគ៣ឆ្នាំរំកិលរបស់ឃុំ/សង្កាត់ ផ្អែកលើផែនការយុទ្ធសាស្ត្រ សុខាភិបាលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
លោកបន្ដថា ទន្ទឹមនេះការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូលដើម្បីសុខភាព ដែលសំដៅធានាធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាព ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការ ទាំងនេះ ឲ្យបានទាន់ពេល រួមទាំងការផ្តល់សេវាចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺរហូតដល់ការព្យាបាល និងការស្តារនីតិសម្បទា។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការថែទាំសុខភាពបឋម គឺស្នូលនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាល នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥ ហេីយប្រព័ន្ធសុខាភិបាលស្រុកប្រតិបត្តិ ដែលរួមមាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ផ្តល់សេវាផ្អែកលើភូមិសាស្ត្រ និងប្រជាសាស្ត្រជាមូលដ្ឋាន បានដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខភាព ការផ្តល់សេវាគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពចំណាយមានសមធម៌ តាមដានសកម្មភាពសុខភាពដ៏ទូលំទូលាយ និងអាចឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងតម្រូវការប្រជាជន ឆ្ពោះទៅសម្រេចបានការ គ្របដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕