(សៀមរាប)៖ អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បាននាំយកសម្ភារសិក្សា និងកង់ ចែកជូនដល់សិស្សានុសិស្សនៅវិទ្យាល័យតាអី នៅក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អំណោយទាំងនោះ រួមមាន៖ កុំព្យូទ័រចំនួន១៥គ្រឿង,  កង់១០០គ្រឿង, សម្ភារសិក្សា៥០០កញ្ចប់ និងសម្លៀកបំពាក់មួយចំនួនផងដែរ។

លោក ហាក់ គឹមឈឺន នាយកវិទ្យាល័យ តាអី បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ ផ្តល់អំណោយជាសម្ភារសិក្សាជូនដល់សាលា រួមជាមួយនឹងការសាងសង់នូវបង្គន់អនាម័យ ចំនួន៤បន្ទប់ ជូនដល់សាលា ព្រមទាំងផ្តល់នូវសម្ភារៈសិក្សាជាច្រើនទៀត។ លោកក៏បានសំណូមពរដល់អង្គការ ជួយផ្តល់នូវសម្ភារៈសិក្សាដល់សាលាបន្ថែមទៀត ដើមី្បបំពេញតម្រូវការសិក្សានៅឆ្នាំខាងមុខផងដែរ។

លោក នៅសំ រដ្ឋា អភិបាលរងស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលតែងបានជួយដល់សិស្សក្រីក្រ នៅតាមតំបន់ជនបទ សំខាន់ក្នុងស្រុកប្រាសាទបាគង។ ចំពោះអំណោយកង់ទាំងនេះ ដែលជាយានជំនឹះរបស់ក្មួយៗ សម្រាប់ធ្វើដំណើរមកសិក្សា និងបានផ្តល់នូវផលប្រយោជន៍ដល់ក្មួយៗ ក្នុងការកសាងអនាគតខ្លួន ព្រោះក្មួយៗនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំ នៃធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមជាតិទៅអនាគត។

លោកសូមអរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ ដែលតែងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្សនៅថ្នាក់មូលដ្ឋាន ដោយមានការផ្គត់ផ្គង់ជាមធ្យោបាយធ្វើដំណើរ និងសម្ភារៈសិក្សា សម្លៀកបំពាក់ជូនដល់សិស្សក្រីក្រ ដែលខ្វះមធ្យោបាយធ្វើដំណើរមកសាលារៀន សំខាន់ការផ្តល់កុំព្យូទ័រដល់សាលា ដើមី្បបណ្តុះបណ្តាលសិស្សផងដែរ។ 

លោក នៅសំ រដ្ឋា បានសំណូមពរដល់អង្គការ សូមឲ្យបន្តនូវប្រពៃណីនៃការគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ក៏ដូចនៅតាមមូលដ្ឋាន ខេត្តសៀមរាប ដែលមានសាលាជួបនូវការខ្វះខាតបន្តទៀត។ លោកក៏បានផ្តាំផ្ញើ ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាមាតាបិតា អាណាព្យាបាល និងគណៈកម្មការគ្រប់គ្រងសាលា ត្រូវចូលរួមថែរក្សានូវទ្រព្យសម្បត្តិក្នុងសាលា ដែលបានការបំពាក់ដោយអង្គការ ដើមី្បប្រើប្រាស់បានយូរអង្វែង។

លោកស្រី លីឌា ប្រធានឡូតារីក្លីប សិនតូសា និងលោកស្រី ឃូរីន អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពួរ និងលោកស្រី ជេនី លីប៉ា ប្រធានអង្គការសុបិន្តសហគមន៍ប្រចាំនៅកម្ពុជា បានសម្តែងនូវភាពត្រេកអរ ដែលបានជួបជាមួយសិស្សានុសិស្ស ក្នុងការទទួលស្វាគមន៍ប្រកបដោយភាពរាក់ទាក់សុភាពរាបសា ដែលធ្វើឲ្យប្រតិភូមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍របស់សិស្សវិទ្យាល័យតាអី កម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព។

លោកស្រីក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ត្រូវប្រកាន់ភ្ជាប់នូវចរិកសីលធម៌ ត្រូវគោរពស្តាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ឪពុកម្តាយ អាណាព្យាបាល ព្រមទាំងរៀមច្បង ដើមី្បឲ្យយើងក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ដែលជាទ្រព្យសម្បត្តិជាប់ខ្លួនមិនបាត់ទៅណាឡើយ។

ជាមួយនេះ លោកបញ្ជាក់ថា ដើមី្បឲ្យក្លាយជាសិស្សពូកែ ចូលសិស្សគ្រប់គ្នា មានការអំណត់អត់ធន ឧស្សាហ៍ព្យាយាមសិក្សា ស្វែងយល់រាល់កិច្ចការទៅតាមកម្មវិធីសិក្សា និងស្តាប់ការពន្យល់របស់គ្រូ និងមានភាពក្លាហានក្នុងការសិក្សា។ អង្គការនឹងនៅតែបន្តជួយដល់សិស្សក្រីក្រនៅកម្ពុជាទៅតាមលទ្ធភាព ដែលអង្គការធ្វើទៅបានបន្ថែមទៀត៕