(កំពង់ធំ)៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្ស ប្រជាជនកម្ពុជាក្រោមវត្តមានលោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ២៦.១ ខេត្តកំពង់ធំ។
លោក ង៉ាង ស អនុប្រធានគណៈកម្មការ ខ ២៦.១ ខេត្តកំពង់ធំ បានអានរបាយការណ៍ និងសេចក្តីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៥ នាពេលថ្មីៗនេះនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជូនអង្គពិធីដើម្បីជ្រួតជ្រាប និងបានណែនាំភារកិច្ចមួយចំនួនស្ដីពីការងារ គណបក្សជូនដល់សមាជិកអង្គពិធីបានជ្រាប។
លោក សោម ស៊ុន បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈកម្មការ ខ ២៦.១ និងសាខាបក្សគ្រប់ថ្នាក់ព្រមទាំងសមាជិកសមាជិការបស់គណៈកម្មការ ខ ២៦.១ ដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញភារកិច្ចនិងតាមតួនាទី ដែលគណបក្សបានប្រគល់ជូននាពេលកន្លងទៅទទួលបានលទ្ធផលល្អប្រសើរ។
លោកបានថ្លែងអំណរគុណក្រុមការងារគណបក្សនៃគណៈកម្មការ ខ ២៦.១ ដែលបានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយ កម្លាំងចិត្ត សម្ភារ ថវិកា ចូលរួមចំណែកជួយដល់មូលដ្ឋានក្នុងការរៀបចំពិធីផ្សេងៗមានជាអាទិ៍ ការរៀបចំខួបលើកទី៤៦ ទិវារណសិរ្សសាមគ្គីកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្ងៃទី២ ធ្នូ ១៩៧៨ ថ្ងៃទី២ ធ្នូ ២០២៤ និងខួបលើកទី៤៦ ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០២៥ បានយ៉ាងល្អប្រសើរ។ ពិសេសបាន ចូលរួមលះបង់ថវិកាក្នុងការកសាងទីស្នាក់ការគណបក្សមួយខ្នងនៅឃុំដងកាំបិត ស្រុកសណ្តាន់ ដែលមានតម្លៃជាង២ម៉ឺនដុល្លារ ព្រមទាំងបានរៀបចំបំពាក់គ្រឿងសង្ហារឹមផ្សេងៗ ដើម្បីបម្រើសកម្មភាពការងារ នៅទីស្នាក់ការគណបក្សផងដែរ។
លោក សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្ដាលគណបក្សនៅវិមាន ៧មករា និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់សមាជិកសមាជិកាគណៈកម្មការ ខ ២៦.១ ដើម្បីបន្តរួមគ្នាឆ្ពោះទៅកាន់មូលដ្ឋាន ក្នុងភារកិច្ចពង្រឹង និងពង្រីកសមាជិកគណបក្ស ទាំងបរិមាណ និងគុណភាព និងការបម្រើប្រជាជននៅមូលដ្ឋានឲ្យបានល្អប្រសើរ ដើម្បីត្រៀមដណ្ដើមយកជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ខាងមុខនេះ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាថ្មីទៀត៕