(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា «គោលនយោបាយវិស័យស្វាយចន្ទី របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំសំដៅលើកកម្ពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ»។
លោក នួន ផារ័ត្ន បានថ្លែងបែបនេះ នៅក្នុងពិធីចុះកិច្ចសន្យាទិញលក់គ្រាន់ស្វាយចន្ទីសើម រវាងក្រុមហ៊ុនមីរ៉ាត់ អាហ្រ្គី ថេក ឯ.ក (Mirarth) និងសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបន្តថា «ខេត្តកំពង់ធំជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ។ ដំណាំស្វាយចន្ទីរនេះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការពង្រឹង និងពង្រីកវិស័យកសិកម្មរបស់កម្ពុជាសម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ»។
លោកថា «ការងារកសិកម្មនេះ សម្រាប់ខេត្តកំពង់ធំ មានប្រជាពលរដ្ឋជាង៧៣% ធ្វើកសិកម្ម។ ថ្មីៗនេះសម្ដេចមហាបវរធិបតី បានអញ្ជើញមកកាន់ខេត្តកំពង់ធំ ដោយផ្ទាល់នៅសហគមន៍ស្វាយចន្ទីរចំនួន២លើករួចមកហើយ ដើម្បីពិនិត្យមើលសហគមន៍ទំនើប ព្រមទាំងបានដាក់ចេញគោលនយោបាយមួយដែលត្រឹមត្រូវចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញ ធ្វើយ៉ាងណាជំរុញឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញមុខគេក្នុងវិស័យស្វាយចន្ទីរ»។
លោកជំរុញឲ្យសហគមន៍ស្វាយចន្ទីទាំងអស់ ធ្វើការដាំដុះឱ្យស្របទៅនឹងតម្រូវការរបស់អ្នកទិញ ព្រមទាំងមានភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ៕