(ពោធិ៍សាត់)៖ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត រៀបចំឡើង នៅមន្ទីរពេទ្យបង្អែកស្រុកកណ្តៀង ក្រោមអធិបតីភាព លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈកម្មាធិការ មន្ត្រីប្រតិបត្តិ ក្រុមយុវជន អ្នកស្ម័គ្រចិត្ត ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសំរាលកូនរួច ជាង១០០នាក់។

បើតាមលោកវេជ្ជបណ្ឌិត ឈិន ឈីវរ័ត្ន ប្រធានស្តីទីមន្ទីរពេទ្យបង្អែកកណ្តៀង បានជម្រាបជូនថា មន្ទីរពេទ្យបង្អែកកណ្តៀង ត្រូវបានធ្វើការដំឡើងពីមណ្ឌលសុខភាព ទៅជាមន្ទីរពេទ្យបង្អែក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នមន្ទីរពេទ្យ កំពុងផ្តល់សេវាថែទាំ និងព្យាបាលរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ សេវាសម្ភពរោគស្ត្រី សេវាផ្តល់ថ្នាំបង្ការ សម្រាកពេទ្យ និងអប់រំសុខភាពសាធារណៈ។ ក្នុងនោះមានអគារចំនួន៣ បន្ទប់ប្រើប្រាស់សរុប២១ និងរថយន្តសង្គ្រោះចំនួន១។ បុគ្គលិកសរុបមាន២១នាក់ ស្រី១៧នាក់ ក្នុងនោះវេជ្ជបណ្ឌិត២នាក់ គិលានុបដ្ឋាកយិកា៥នាក់ ឆ្មបមធ្យម៥នាក់ ទន្តគិលានុបដ្ឋាក១នាក់ មន្ទីរពិសោធន៍១នាក់ ឱសថ១នាក់ និងអ្នកបើករថយន្តសង្គ្រោះ១នាក់។

លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានថ្លែងថា ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ» រំលេចឱ្យឃើញនូវការប្ដេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុង​កា​​រអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ​ស​ភា ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីបន្តថា យោងតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី ទារក និងកុមារ សម្តេចបានចេញជាសារលិខិត ផ្ញើជូនបងប្អូនជាស្ត្រី និងជាមាតាទាំងឡាយ ឱ្យបានយល់ដឹង និងអនុវត្តន៍ឱ្យបានល្អប្រសើរជារៀងរហូតតទៅ ក្នុងការថែទាំសុខភាព និងមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ តាមពេលកំណត់ របស់ពេទ្យឆ្មបចាប់ តាំងពីមានផ្ទៃពោះដំបូង រហូតដល់ថ្ងៃសម្រាល និងត្រូវថែសុខភាពទារក ក្រោយពេលសម្រាល ត្រូវបំបៅដោះកូន ដោយទឹកដោះម្តាយនោះទើបជាការប្រសើរ និងយកមកចាក់វ៉ាក់សាំង ឱ្យបាន ទៀងទាត់ជាប្រចាំ។

ជាមួយគ្នានោះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​​អំពាវនាវ ចំពោះបងប្អូនជនរួមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការជាមួយក្រសួងសុខាភិបាល អនុវត្តសកម្មភាពដូចខាងក្រោម៖

ទី១៖ យើងត្រូវលើកកម្ពស់ការយល់ដឹងបន្ថែមទៀត៖
*សូមឱ្យស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលបានការពិនិត្យថែទាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគ ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍/ស្វាយ ពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។

*ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព ដោយយកកូនទៅពិនិត្យផង តាមកាលកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីទារកកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

*សូមប្រញាប់យកទារក ឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់ ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងទទួលការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។

*សូមយុវជន-យុវតី និងស្ត្រីក្នុងវ័យបន្តពូជ ទៅពិគ្រោះយោបល់ ទទួលការណែនាំ ការពិនិត្យ ឬព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក ដែលមានគ្រូពេទ្យជំនាញត្រឹមត្រូវ។ សូមចូលរួមក្នុងការទប់ស្កាត់ និងលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទB ពីឪពុកម្តាយទៅកូន និងចូលរួមក្នុងការទប់ស្កាត់ជំងឺមហារីកមាត់ស្បូន ដោយនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ឱ្យបានគ្រប់ៗគ្នា។

ទី២៖ សូមនាយកគ្រឹះស្ថានឯកជន ដែលផ្តល់សេវាសុខាភិបាល ដូចជាបន្ទប់ថែទាំ មន្ទីរសម្រាកព្យាបាល មន្ទីរសម្ភព មន្ទីរពហុព្យាបាល ឱសថស្ថានឯកជន ត្រូវចូលរួមសហការជាមួយក្រសួងសុខាភិបាល ឬអង្គភាពពាក់ព័ន្ធ ក្នុងការគាំទ្រ ផ្តល់បច្ចេកទេស ផ្តល់សេវាប្រកបដោយគុណភាព ជូនស្ត្រី មាតា ទារក និងកុមារ ក្នុងភាពជាដៃគូ និងក្នុងស្មារតីទទួលខុសត្រូវ ដើម្បីភាពរីកចម្រើន នៃវិស័យសុខាភិបាលនៅកម្ពុជា។ ភាពជាដៃគូពហុភាគីពាក់ព័ន្ធ មានសារៈសំខាន់ក្នុងការផ្តល់លទ្ធផលបន្ថែមទៀត។

ទី៣៖ សូមអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម ២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឱ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវជួយជំរុញស្ត្រីឱ្យមកទទួលសេវាបន្តតាមការណាត់ជួប របស់ឆ្មប ឬគ្រូពេទ្យ និងសូមជួយតាមរកស្ត្រីដែលអាក់ខានមិនបានមកទទួលសេវា ឬបោះបង់សេវា ឱ្យមកទទួលសេវា និងថ្នាំព្យាបាលតាមការកំណត់។ ក្នុងន័យនេះ ត្រូវចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទី៤៖ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវមានភារកិច្ចអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចតាមគោលដៅកំណត់។ អ្នកផ្តល់សេវាថែទាំសុខភាពដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការផ្តល់សេវាការថែទាំសុខភាព ប្រកបដោយគុណភាព និងការផ្សព្វផ្សាយដល់អ្នកដែលត្រូវការជំនួយ។

ទី៥៖ សូមមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសហការឱ្យបានជិតស្និទ្ធ ជាមួយមន្ត្រី បុគ្គលិកសុខាភិបាល ក្នុងការជួយអប់រំផ្សព្វផ្សាយសារអប់រំសុខភាព និងជួយតាមដានជំរុញ បញ្ជូន ស្ត្រី ឬយុវតីឱ្យមកទទួលសេវានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬតាមការណាត់ជួបកុំបីខាន។

និងទី៦. សូមស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធទាំងអស់ គាំទ្រដល់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជន បន្តវិនិយោគទាំងផ្នែកបច្ចេកទេស និងថវិកា លើការងារថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ ដើម្បីសម្រេចបានការគ្របដណ្តប់ការពិនិត្យថែទាំសុខភាពជាសកលនៅកម្ពុជា។

ក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយរីដា ក៏បានចែកជូនសម្ភារៈដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសំរាលកូនរួច ប្រមាណ៦៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទឹកដោះគោឆៅ១ឡូតិ៍, កន្សែងពោះគោ១, ខោអាវកូនក្មេង២កំប្លេ, សារ៉ុង១, សាប៉ូម្សៅ១ថង់, សាប៊ូដុសខ្លួន២ដុំ, ម្សៅកូនង៉ា១កំប៉ុង, ស្ករស១គីឡូក្រាម និងថវិកា៥ម៉ឺនរៀល ដោយឡែកក្រុមគ្រូពេទ្យ កងកម្លាំង យុវជន និងអ្នកស្ម័គ្រចិត្ត ក៏ទទួលបានថវិកាឧបត្ថម្ភ និងសាប៊ូកក់សក់មួយចំនួនផងដែរ៕