(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ សម្រាប់បោះពុម្ពសៀវភៅទី២ របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានចំណងជើងថា «១០៩៩ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២»។
លោកស្រី ឱ វណ្ណឌីន ក្រោយទទួលព័ត៌មានពីការប្រកាសឧបត្ថម្ភថវិការបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរំភើបរីករាយឥតឧបមាររកអ្វីប្រៀបផ្ទឹមពុំបានឡើយចំពោះសមានចិត្តដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី ឱ វណ្ណឌីន បានផ្ញើសារគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លាកម្រមាននេះ។
លោកស្រី ឱ វណ្ណឌីន ដែលធ្លាប់ជាអ្នកផ្ដល់ព័ត៌មានគ្រប់វិនាទីក្នុងដំណាក់កាលជំងឺកូវីដ១៩ បានអះអាងថា ថវិកាដែលជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ជាចំណែកដ៏សំខាន់បំផុតឥតគណនា ក្នុងការបោះពុម្ពចែកចាយនូវសៀវភៅនេះ និងក្លាយជាឧត្តមប្រយោជន៍សម្រាប់មិត្តអ្នកអាន ដែលស្ដែងពីបទពិសោធន៍ពិត នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកាលនោះក្រោមមគ្គទេសឯករបស់សម្ដេចតេជោ ហ៊ុន សែន ទើបកម្ពុជាអាចយកឈ្នះលើជំងឺកូវីដ១៩។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គ តាមជួយបីបាច់ថែរក្សា អភិបាល ការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា កម្លាំង ពលំមាំមួន ដើម្បីបន្ដបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ សម្រាប់ជាឧត្តមប្រយោជន៍ជាតិយូរអង្វែង។
សូមជម្រាបថា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអ្នកនាំពាក្យរបស់ក្រសួងមួយរូប តែងបង្ហាញមុខ និងសំឡេងលើបណ្ដាញព័ត៌មានអំឡុងពេលកម្ពុជា ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាពប្រចាំថ្ងៃនោះ បានចេញផ្សាយសៀវភៅទី២របស់លោកស្រី ដែលមានចំណងជើង «១០៩៩ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ឆ្នាំ២០២២»។
លោកស្រី ឱ វណ្ណឌីន ដែលជាវេជ្ជបណ្ឌិតជំនាញសុខភាពសាធារណៈរូបនេះ បានអះអាងថា ការបោះពុម្ពផ្សាយជាសៀវភៅទី២នេះ ធ្វើឡើងក្នុងគោលបំណងកត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ ចែករំលែកនូវមេរៀន បទពិសោធន៍ និងឆ្លុះបញ្ចាំងនូវកិច្ចការជាស្ត្រីអ្នកនាំពាក្យ ឬបំពេញការងារជាអ្នកទំនាក់ទំនងហានិភ័យ ដែលត្រូវធ្វើជាចាំបាច់នៅក្នុងកាលៈទេសៈដ៏ប្រឈមបំផុត ទៅនឹងការឆ្លងវីរុសកូវីដ១៩ សម្រាប់អ្នកជំនាន់ក្រោយៗ ដែលចង់ធ្វើការសិក្សាស្រាវជ្រាវ រៀនសូត្រ ដកស្រង់យកនូវចំណេះដឹង និងចំណេះធ្វើ សម្រាប់ការងារឆ្លើយតបទៅនឹងជំងឺរាតត្បាតណាមួយ ដែលនឹងអាចកេីតមាននាពេលអនាគត (ប្រសិនបើមានការផ្ទុះឡើង)៕