(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាពស្បៀងសម្រាប់ខេត្តកំពង់ចាម លើសពីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករនៅក្នុងខេត្ត បានយ៉ាងបរិបូរណ៍ប៉ុណ្ណោះទេ គឺអាចនៅសល់បើគិតជាអង្ករសរុបប្រមាណ ២៣១.៨៥៤តោន ហើយបើគិតជាស្រូវវិញគឺប្រមាណ ៣៦២.២៧២តោន សម្រាប់ធ្វើការនាំចេញទៀតផង។
លោកអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព និងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដើម្បីជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស និងប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយនឹងយុទ្ធសាស្តមុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខ ស្បៀងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក ការអភិរក្ស និងការអភិវឌ្ឍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចដោយរក្សាបាននូវតុល្យភាពរវាងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីនយោបាយ អាទិភាពទី៥ និងទី៦ ត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្ម ឈានទៅរកភាពជោគជ័យ ធានាបាន នូវស្ថិរភាព ការផ្គត់ផ្គងតម្លៃ តាមរយៈជំរុញសហគមន៍ កសិកម្មទំនើប ដែលបម្រើឱ្យ វិស័យកសិកម្ម ទាំងមូលព្រមទាំងការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ក្នុងការជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
អភិបាលខេត្តបានបញ្ជាក់ថា អាទិភាពទី៥ គឺការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យតាមរយៈការដាក់ ចេញកញ្ចប់ថវិកាជាក់លាក់ ដោយចាប់ផ្តើមពីចំនួន ១០០ លានដុល្លារអាមេរិក និងអាចវិភាជថវិកាបន្ថែមប្រសិនបើមានតម្រូវការចាំបាច់ដើម្បីធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងការទិញកសិផលពីប្រជាកសិករជាមួយ នឹងគោលដៅរក្សាស្ថិរភាពថ្លៃ នៅរាល់រដូវប្រមូលផលជាពិសេស លើផលិតផលកសិកម្មមួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និងផលិតផលផ្សេងទៀតតាមការចាំបាច់។
អាទិភាពទី៦ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន៕