(គូឡាឡាំពួរ)៖ អគ្គីភ័យបានលេបត្របាក់ជាន់ទីពីរនៃមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងរដ្ឋJohor Baru នៃប្រទេសម៉ាឡេស៊ី និងបានឆក់យកជីវិតអ្នកជំងឺ០៦នាក់ ព្រមទាំងបង្ខំឲ្យមានការជម្លៀស អ្នកជំងឺរាប់រយនាក់ផ្សេងទៀតចេញមកកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចម៉ាឡេស៊ី អគ្គីភ័យបានឆាបឆេះនៅអគារគាំពារអ្នកជំងឺជាន់ទីពីរ របស់មន្ទីរពេទ្យ Sultanah Aminah នៅព្រឹកថ្ងៃអង្គារនេះតែម្តង។ បន្ទាប់ពីបានពន្លត់ភ្លើងរួចរាល់ ប៉ូលិសបានចូលទៅក្នុងអគារដើម្បីនាំយកសាកសពអ្នកជំងឺចំនួន០៦នាក់ ដែលពួកគេទំនងជាទទួលរងការ ឈ្លក់ផ្សែង និងកម្តៅរហូតដល់បាត់បង់ជីវិតដ៏គួរឲ្យខ្លោចផ្សាជាទីបំផុត។
គួរបញ្ជាក់ផងដែរថាសម្រាប់មូលហេតុនៃការឆាបឆេះមន្ទីរពេទ្យនោះ នៅមិនទាន់មានការបកស្រាយ ណាមួយពីសមត្ថកិច្ចរបស់ម៉ាឡេស៊ីឡើយ៕