(កំពង់ធំ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ បានរៀបចំសន្និសីទមួយស្ដីពី «ខ្ញុំ និងអនាគតរបស់ខ្ញុំ» ក្រោមវត្តមាន លោក ស្ដើង សុខុម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CUS។ សន្និសីទនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព ត្រូវបានធ្វើឡើងដោយមានវាគ្មិនជាបុគ្គល មានចំណេះដឹងខ្ពស់ បទពិសោធន៍ជាក់ស្តែង និងទទួលបានជោគជ័យក្នុងអាជីព។
លោក ស្ដើង សុខុម ក៏បានលើកឡើង ពីប្រវត្តិរបស់ សាកលវិទ្យាល័យ ដែលផ្តើមចេញពីទីតាំងតូច មាននិស្សិត សាស្រ្តាចារ្យតិចតួច តែមកដល់ពេលនេះ សាកលវិទ្យាល័យមានទីតាំងរហូតដល់ ៨ ស្របជាមួយគ្នានេះសាកលវិទ្យាល័យបាន នឹងកំពុងពង្រឹងគុណភាពបណ្តុះបណ្តាលដើម្បីពង្រឹង និងពង្រីកចំណេះដឹងជំនាញសមត្ថភាព របស់និស្សិតធ្វើឲ្យពួកគេមានទាំងចំណេះដឹង និងចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាធនធានសំខាន់ និងមានប្រយោជន៍របស់ប្រទេសជាតិ ដូចជាបាវចនារបស់សាកលវិទ្យាល័យបានចែង។
លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានធ្វើបទបង្ហាញពី «វិធីសាស្រ្តក្នុងការជ្រើសរើស ឯកទេសសិក្សា នៅឧត្តមសិក្សា និងការអភិវឌ្ឍខ្លួនសម្រាប់យុវជន» លោកបានសង្កត់ធ្ងន់ថា ការសិក្សាថ្នាក់ឧត្តមសិក្សា គឺជាការបណ្តាក់ទុន និងជាស្ពានយ៉ាងសំខាន់សម្រាប់សិស្ស-និស្សិតទាំងឡាយ មេត្តាយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ហើយត្រូវជឿជាក់ថា ការសិក្សាពិតជានឹងជួយឲ្យខ្លួនឯង អាចសម្រេចបានអនាគត និងជីវភាពរស់នៅដ៏ប្រសើរ។ ហេតុនេះយុវជន ត្រូវតែសម្រេចចិត្តថា សិក្សាជំនាញអ្វីដើម្បីឲ្យចំគោលដៅ សម្រាប់ការងារនៅពេលអនាគត ថាតើយើងត្រូវធ្វើអ្វីបន្ត? ចំណុចសំខាន់បំផុត គឺខ្លួនយើងជាអ្នករៀបចំ និងកំណត់ជោគវាសនារបស់ខ្លួនយើង។ យើងត្រូវតែទទួលខុសត្រូវចំពោះខ្លួនយើង ការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ អាចផ្លាស់ប្តូរប្រវត្តិសាស្រ្ត ឲ្យកាន់តែប្រសើរឡើងបាន ហេតុនេះយើងត្រូវតែកំណត់ខ្លួនរបស់យើង ឲ្យមានចំណេះដឹងទូលំទូលាយ មត្ថភាពក្នុងការបំពេញាការងារ លទ្ធភាពក្នុងការប្រកួតប្រជែង ស្វែងរកនូវបទពិសោធន៍ល្អៗ ហេតុនេះហើយ យើងទាំងអស់គ្នាត្រូវតែរៀននូវចំណុចសំខាន់៣គឺ ទី១-រៀនពីបរិយាកាសដែលនៅជុំវិញយើង ទី២-រៀនពីការអនុវត្តជាក់ស្តែង និងទី៣-រៀនពីការអង្កេត។
លោក ខៃ ម៉េងលី នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បានធ្វើបទឧទ្ទេសនាម អំពីអម្រិត និងឱកាសការងារ គឺលោកបានលើកឡើង អំពីវឌ្ឍនភាពរបស់អម្រិត ផលិតផល និងសេវាកម្មរបស់អម្រិត រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស និងឱកាសការងារ ឱកាសដែលអម្រិតផ្តល់ជូន ការត្រៀមខ្លួនដើម្បីទទួលឱកាសការងារជាមួយអម្រិត។ ជាងនេះទៅទៀតអម្រឹត ក៏ផ្តល់ជូននូវអត្ថប្រយោជន៍ សម្រាប់មុខតំណែងផ្សេងៗ ទៅតាមសមត្ថភាពនៅក្នុងស្ថាប័ន ផ្តល់ឱកាសការងារ ប្រកបដោយនិរន្តភាព ផ្តល់ការ ហ្វឹកហ្វឺនជាប្រចាំ ផ្តល់ការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បី ក្លាយជាពលរដ្ឋល្អក្នុងសង្គម បង្កើតឱកាសសម្រាប់ក្លាយជាបុគ្គល ដែលមានសមត្ថភាព។ លោក បញ្ជាក់បន្ថែម ដល់សិក្ខាកាមដែលបានចូលរួមថា សូមកុំភ្លេចនូវមូលដ្ឋានគ្រឹះមក ពីក្រោមដើម្បីបន្តយកកម្រិតបរិញ្ញាបត្រ និងឱកាសការងារ ពីព្រោះទាំងការសិក្សា និងការងារ គឺត្រូវការជានិច្ចនូវ មូលដ្ឋាន ព្រមទាំងបច្ចេកវិទ្យាទំនើបបន្ថែម ដើម្បីឲ្យការសិក្សា និងការងារមានការរីកចម្រើន នៅថ្ងៃខាងមុខ គ្រប់ៗគ្នា។
រីឯលោក មាស បូរ៉ា បានបង្ហាញអំពីវិធីសាស្រ្ត ក្នុងការសិក្សាស្រាវជ្រាវ ដែលមានវិធីជាច្រើន ក្នុងការទទួលបានចំណេះដឹងដូចជា ការអានសៀវភៅជំនាញជាដើម។ លោកបានថ្លែងថា សិស្ស-និស្សិត ត្រូវចាត់ទុកការសិក្សាស្រាវជ្រាវ ជាការងារអាទិភាព ក្នុងអំឡុងជីវិតក្នុងសាកលវិទ្យាល័យ ដោយព្យាយាមចងក្រងឯកសារជំនាញ អាន ដកស្រង់ ធ្វើបទបង្ហាញ បោះពុម្ពផ្សាយស្នាដៃ ធ្វើខ្លួនឲ្យក្លាយជាមនុស្សពូកែគិតពិចារណា ក្លាយជាបុគ្គលមានជំនាញជាក់លាក់៕