(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាថ្មីៗនេះ បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាវត្តទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះផ្សព្វផ្សាយអប់រំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដឹកនាំដោយអនុសេនីយ៍ឯក យ៉េង រិន្ទសារីបុត្រ នាយរងផ្នែកចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ការផ្សព្វផ្សាយនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងណែនាំដល់សិស្សានុសិស្សឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងថែរក្សាទ្រព្យសម្បត្តិទាំងអស់គ្នា៕