(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីបាញ់បោះនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាុវធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធខុសច្បាប់។
លោក វ៉ិត មៈឃៈ អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាតិចិនមួយក្រុម ពាក់ព័ន្ធករណីបាញ់បោះដោយក្នុងនោះរួមមាន៖
*ទី១៖ឈ្មោះ តឹង ធានមីង (DENG TIAN MING) ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»
*ទី២៖ឈ្មោះ ហាន ឆុង (HAN CHONG) ពីបទ «ជួញដូរអាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»
*ទី៣៖ឈ្មោះ ជូ តាឈុន (ZHU DA CHUN) ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»
*ទី៤៖ឈ្មោះ លាវ យ៉ុងជៀ (LIU YONGJIE) ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត»
*ទី៥៖ឈ្មោះ លី ចេីយាន (LI ZIYUAN) ពីបទ «សមគំនិតក្នុងអំពេីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពេីប្រេីប្រាស់អាវុធដោយគ្មានការអនុញ្ញាត» និងបក្ខពួកពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរអាវុធដោយគ្មានការអនុញ្ញាត»។
សូមរំលឹកថា ទាំងខ្មាន់កាំភ្លើងជនជាតិចិន និងបក្ខពួកសរុប៥នាក់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នាស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធករណីបាញ់បោះនៅអគាររតនៈសម្បត្តិ ដែលមានទីតាំងស្ថិតនៅអគាររតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការជាបន្ដបន្ទាប់រហូតឈានបង្ក្រាបបានជនដៃដល់ និងបក្ខពួកទាំង៥នាក់នេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាល
ព្រហ្មទណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
វត្ថុតាងចាប់យក អាវុធវែង ម៉ាក AK47 ចំនួន២ដើម, គ្រាប់កាំភ្លើងប្រភេទ AK មិនទាន់ផ្ទុះ ចំនួន១គ្រាប់, ការ៉ុង ពណ៌ស ចំនួន១, អាវុធខ្លីគ្មានម៉ាក (ក្លែងក្លាយ) ចំនួន១ដើម និងគ្រាប់ចំនួន៣គ្រាប់ (ជ័រ), គ្រាប់អាវុធវែង និងខ្លី សរុបចំនួន៥៩គ្រាប់, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AC-7210 ចំនួន១គ្រឿង, រថយន្តម៉ាក TOYOTA LEXUS RX330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AH-2304 ចំនួន១គ្រឿង។
ទាក់ទិនករណីនេះ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារដែលបង្កដោយជនជាតិចិន នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកអគ្គរដ្ឋទូតដែលមានរហ័សនាម អ្នកចម្បាំងចចករូបនេះ ក្រៅពីការថ្កោលទោសចំពោះជនបង្កដែលជាជនជាតិរបស់ខ្លួនហើយនោះ ក៏បានបង្ហាញនូវគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះក្រុមជនល្មើសផងដែរ៕