(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក ព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ យាងជាព្រះអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
ពិធីកាត់វិញ្ញាសាប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ក៏មានការនិមន្ត និងអញ្ជើញពីលោក នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មួយអន្លើដោយព្រះអគ្គាធិការរង ព្រះរាជាគណៈ មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការជាថ្នាក់ដឹកនាំនៃក្រសួងធម្មការនិងសាសនា នៅមណ្ឌលរាជធានីភ្នំពេញ ក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ក្នុងពិធីដ៏មហោឡារិកនោះ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក មានព្រះរាជបន្ទូលផ្តាំផ្ញើប្រគេនជូនបេក្ខសមណៈ បេក្ខជនគ្រប់រូប ត្រូវរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងគោរពតាមបទប្បញ្ញត្តិទូទៅនៃការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃនេះ ដោយប្រើចំណេះដឹងនិងសមត្ថភាពផ្ទាល់ខ្លួន សមនឹងពាក្យថា វិញ្ញាសា ដែលមកពីពាក្យបាលីថា វិ-បុព្វបទ + ញា-ធាតុ + អាសា ប្រែថាបំណងដើម្បីដឹងច្បាស់ ដូច្នេះការប្រឡងនេះ គឺជាការវាស់ស្ទង់ឬជាការល្បងនូវប្រាជ្ញាឬចំណេះដឹង។
ជាទីបញ្ចប់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក បានប្រគេននិងជូនពរបេក្ខសមណៈ បេក្ខជនគ្រប់រូប ប្រឡងជាប់ ហើយត្រូវព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពគ្រប់វិញ្ញាសាប្រឡង ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនតាមព្រះរាជបន្ទូលរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត ដែលមានព្រះរាជបន្ទូលលើកឡើងថា «អ្នកចេះគឺជាប់» ហើយសម្តេចជាអម្ចាស់ទ្រង់សង្ឃឹមយ៉ាងមុតមាំថា ធនធានព្រះសង្ឃដែលទទួលបានចំណេះដឹងពីសាលាពុទ្ធិកសិក្សានេះនឹងក្លាយជាមូលធនមនុស្ស សម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ ស្របតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សូមរម្លឹកថា ការប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបសាលាបាលី សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មាន ១មណ្ឌល ដែលមានបេក្ខសមណៈ បេក្ខជន សរុប ៤៣៥ អង្គ នាក់ ស្មើនឹង ១៨បន្ទប់ ដែលនិមន្តអញ្ជើញមកពីរាជធានីខេត្តចំនួន១៣។
ដោយឡែក ចំពោះវិញ្ញាសាប្រឡងមានចំនួន ១៤ មុខវិជ្ជាគឺ៖ ភាសាបាលី ភាសាសំស្ក្រឹត ព្រះធម៌ សាសនាប្រៀបធៀប គណិតវិទ្យា អក្សរសាស្ត្រខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដីវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងភាសាអង់គ្លេស។
គួរបញ្ជាក់ថា នៅឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅ គ្រប់ការប្រឡងទាំងអស់ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានរឹតបន្តឹងយ៉ាងតឹងរឹង នៅមណ្ឌលសំណេរ ស្របតាមព្រះរាជបន្ទូលសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិថា «យកគុណភាពប្រសើរជាងបរិមាណ»៕