(ក្រចេះ)៖ ភ្ញៀវទេសចរបរទេសដែលអញ្ជើញទៅកាន់ខេត្តក្រចេះ ក្រៅតែពីអញ្ជើញ​លេង​កម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានាហើយនោះ ពួកគេក៏បានចាប់អារម្មណ៍​ជា​មួយការជិះទូកកៃយ៉ាក ដើម្បីគយគន់សម្រស់ដងទន្លេមេគង្គ កោះ និងសត្វផ្សោត​ផង​ដែរ។

លោក ហ៊ាន ពេជ្រ បានផ្តល់សេវាជិះទូកកៃយ៉ាកជូនភ្ញៀវទេសចរបរទេសច្រើនលើទឹក​ដី​ខេត្តក្រចេះច្រើនឆ្នាំមកហើយ។ លោក ហ៊ាន ពេជ្រ បានឱ្យដឹងថា ភ្ញៀវទេសចរបរទេស​ដែល​ទៅដល់ទឹកដីខេត្តក្រចេះ តែងចាប់អារម្មណ៍ជាមួយការជិះទូកកៃយ៉ាកនេះ។

បើតាមលោក ហ៊ាន ពេជ្រ ការជិះទូកកៃយ៉ាកនេះ គឺចាប់ផ្តើមពីចំណុចកំពង់ចម្លងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ហើយអ៊ុំចុះតាមទឹកហូរផ្នែកជ្រោយបន្ទាយ រហូតដល់ទៅអន្លង់​ផ្សោតកាំពី។

តាមរយៈការជិះទូកកៃយ៉ាកនេះ ភ្ញៀវទេសចរអាចគយគន់សម្រស់ទឹកទន្លេមេគង្គដ៏​ខៀវ​ស្រងាត់ លាយឡំជាមួយទឹកហូរ​ត្របាញ់ចូលគ្នា បង្កើតជាផ្ទាំងទស្សនីយភាព​ដ៏ទាក់​ទាញ។ បន្ទាប់មកពួកគេក៏ចូលងូតទឹកលេងនៅកោះព្រហ្មចារី ដែលជាកន្លែងប្រជុំកោះ​តូច​ធំជាច្រើន។ នៅចុងក្រោយនៃការជិះទូកនេះ គឺពួកអ៊ំទូកមើលសត្វផ្សោតហែល​ប្រលេង​​លេងនៅអន្លង់ផ្សោតកាំពី។

លោក ហ៊ាន ពេជ្រ បានឱ្យដឹងថា ពេលវេលាដែលភ្ញៀវទេសចរនិយមជិះទូកកៃយ៉ាក គឺចន្លោះពីខែតុលា ទៅខែមីនា។ បច្ចុប្បន្នលោកផ្តល់សេវាអ៊ំទូកកៃយ៉ាកក្នុងមួយថ្ងៃពីរវេន គឺពេលព្រឹក និងពេលរសៀល។ ក្នុងមួយវេនចំណាយពេលប្រមាណជា៣ម៉ោង។ ក្នុងមួយវេនមានភ្ញៀវជិះចន្លោះប្រមាណជា១០នាក់៕