(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលាខាងមុខនេះ តុលាការកំពូល នឹងបើកសវនាការសំណុំរឿងអ្នកស្រី ឡាយ ហួង និងបក្ខពួកពីរនាក់ ករណីរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត នូវទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក តាមបណ្តឹងរបស់លោកឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាអតីតប្តីរបស់អ្នកស្រី ឡាយ ហួង ។
មន្ត្រីតុលាការ បញ្ជាក់ថា សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល និងលោក អ៊ុក គឹមសិទ្ធិ ជាតំណាងមហាអយ្យការ។
យោងតាមដីការបស់តុលាការកំពូលបង្ហាញថា ជនជាប់ចោទក្នុងសំណុំរឿងនេះមានបីនាក់ទី១៖ ឈ្មោះ ឡាយ ហួង ភេទស្រី អាយុ៤៩ឆ្នាំ ឈ្មោះ ឡាយ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ ហេង សុកជា ភេទប្រុស អាយុ៥០ឆ្នាំ ជាប់ចោទពីបទ «រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត បទសមគំនិត និងបទផ្តើមគំនិត ប្រព្រឹត្តនៅខេត្តមណ្ឌលគិរី កាលពីអំឡុងឆ្នាំ២០១១ តាមមាត្រា២៨, ២៩, ៣៩១ និង៣៩៣ នៃក្រមព្រហ្មទណ្ឌ»។
គួររំលឹកថា អ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ពាក់ព័ន្ធការរៀបចំគម្រោងរំលោភសេពសន្ថវៈនិងសម្លាប់ក្រុមគ្រួសារលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងដំណើរការនៅសាលាឧទ្ធរណ៍៕