(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជានិងជប៉ុនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជា ការរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោក។
ការថ្លែងបែបនេះរបស់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ធ្វើឡើងក្នុងកម្មវិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សារបស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារ៉ូហ៊ីតុ» ដែលជាពិធីបុណ្យជាតិជប៉ុនរៀបចំឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រដ្ឋមន្ត្រី អគ្គទេសាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជា តំណាងការទូត និងអង្គការអន្តរជាតិជាច្រើនរូប។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនក្នុងឱកាសដ៏មហានក្ខត្តឫក្សននៃការចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណាព្រះចៅអធិរាជជប៉ុន ណារ៉ូហ៊ីតុ។ លោកបានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងព្រះរាជវង្សកម្ពុជា និងព្រះរាជវង្សព្រះចៅអធិរាជជប៉ុន ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងស៊ីជម្រៅនិងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយឆ្នាំ២០២៥នេះ គឺជាខួបទី៧២ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន និងជាខួប២ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើនសម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត ដូចជា ស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ជាដើម។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់បំផុតមួយ និងប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។
លោកថា «កម្ពុជានិងជប៉ុនបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងល្អ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ ដូចជា ការរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិ ការប្រែប្រួលអាកាសធាតុ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព និងសុវត្ថិភាពពិភពលោក»។
ទន្ទឹមនេះ ជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុបពី១.៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់២.២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។
លើសពីនេះ ជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ពន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្ដុះបណ្ដាលជំនាញនិងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកជួយពង្រឹងភាពប្រកួតប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុនជប៉ុនល្បីៗ ដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនូវភាពមិនប្រកដប្រជា និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយកម្ពុជានិងជប៉ុនបានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួមសម្រាប់ស្ថិរភាពក្នុងតំបន់និងពិភពលោក ហើយយើងនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច៕