(ភ្នំពេញ)៖ កម្ពុជា និងអ៊ីស្រាអែល បានបន្ដកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការផ្លាស់ប្ដូរកម្លាំងពលកម្មឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារ។

ការបន្ដកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើអក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបន្ដកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការផ្លាស់ប្ដូរកម្លាំងពលកម្មឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក៕