(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះករុណាព្រះបាទ ណារូហីតូ ព្រះអធិរាជនៃប្រទេសជប៉ុន ព្រះជន្មគម្រប់៦៥ព្រះវស្សា នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ។
ពិធីដ៏ពិសេសនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនោះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ ណែនាំអំពី «ការវិវត្តន៍ថ្មីៗក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា ដោយក្រឡេកទៅមើលឆ្នាំ២០២៤ គឺជាឆ្នាំដ៏អស្ចារ្យមួយទៀតដែលទំនាក់ទំនងទ្វេភាគីរបស់យើង មានការរីក ចម្រើន ទាក់ទងនឹងការផ្លាស់ប្ដូរកម្រិតខ្ពស់ ដែលសម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សន កិច្ចនៅប្រទេសជប៉ុន កាលពីខែមករា ហើយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងបំពេញព្រះរាជទស្សនកិច្ចប្រទេសជប៉ុន នៅខែមេសា ខណៈដែលឥស្សរជនជប៉ុន ដូចជា រដ្ឋមន្ត្រីក្រសួងការបរទេស ទីប្រឹក្សាសន្តិសុខជាតិជាដើម បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាជាបន្តបន្ទាប់»។
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត គូសបញ្ជាក់ថា ជាពិសេសនោះគឺ កាលពី ២សប្ដាហ៍មុន ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់លោក វង្សី វិស្សុតតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ក៏ត្រូវបានពង្រីកជាលំដាប់ផងដែរ ដោយព្រឹត្តិការណ៍តំណាងធំៗ ចំនួន ២ពីឆ្នាំមុនគឺ ការសម្ពោធរោងចក្រផ្តុំ និងតម្លើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា និងការ បើកការដ្ឋានសាងសង់រោងចក្រទីពីររបស់ក្រុមហ៊ុន Minebea-Mitsumi នៅក្នុងខេត្តពោធិ៍សាត់។
លោកទូតបន្តថា ក្នុងនាមជាឯកអគ្គរាជទូត ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានឃើញការកើនឡើងជាបន្តបន្ទាប់ នៃការវិនិយោគរបស់ជប៉ុន នៅកម្ពុជានិងសង្ឃឹមយ៉ាងមុតមាំថា ឆ្នាំនេះនឹងរក្សាបាននូវចលនការ និងការរីកចម្រើនជាបន្តនៃទំនាក់ទំនង រវាងប្រទេសជប៉ុន និងកម្ពុជា៕