(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ ស្ថិតក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីហ្វឹកហាត់សាកល្បងដល់ស្ថាប័ន ភ្នាក់ងារ ពាក់ព័ន្ធនានា ដើម្បីជាបទពិសោធន៍ និងចំណេះដឹងលើការងារជួយសង្គ្រោះជនរងគ្រោះ នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ ធ្លាក់យន្តហោះដែលអាចកើតមានឡើងជាយថាហេតុ។
នៅក្នុងការធ្វើលំហាត់សមយុទ្ធខាងលើនេះ ក៏មានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមរថយន្តសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងក្រុមពន្លត់អគ្គិភ័យដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញផងដែរ ក្នុងនោះនឹងមានការដុតប្រេង និងកង់ឡានចាស់ៗ ដើម្បី បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្វលខ្មាញ់ (ជាសិប្បនិម្មិតនៃការធ្លាក់យន្តហោះ) ដែលជាប្រធានបទក្នុងការធ្វើ លំហាត់សមយុទ្ធនេះ ដើម្បីបញ្ចៀសបាននូវការភាន់ច្រឡំពីសាធារណជន ដែលរស់នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងក្នុងរាជធានីភ្នំពេញផងដែរ៕