(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងបញ្ជាក់ថា អង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាឡើងវិញតាមកិច្ចសន្យា ក្រោយពីរដ្ឋាភិបាលអារិកបើកឱ្យបន្តតាមកិច្ចសន្យា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហេង រតនា បានបញ្ជាក់ដូចនេះថា «អង្គភាពស៊ីម៉ាក់ បានទទួលព័ត៌មានពីអង្គការទទួលជំនួយពីសហរដ្ឋអាមេរិក ដែលជាអង្គការដៃគូសហការជាមួយអង្គភាពស៊ីម៉ាក់នោះ បានបញ្ជាក់ថា បានទទួលការលើកលែង (waver)ពីរដ្ឋាភិបាលអាមេរិកឱ្យបើក និងបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់»។
លោក ហេង រតនា បានបន្ថែមថា «ការបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញ តាមកិច្ចសន្យាដែលមានស្រាប់នេះ មានន័យថានឹងបន្តកុងត្រាដែលមានស្រាប់ ដែលយើងនឹងត្រូវចាប់ផ្តើមធ្វើពីពេលនេះ រហូតដល់ដើមខែវិច្ឆិកា ផងដែរ»។
លោក ហេង រតនា បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអង្គភាពស៊ីម៉ាក់ សូមគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រអំពាវនាវដល់រដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនេះក៏សូមអរគុណអង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា និងមន្ត្រីគម្រោងនៃក្រសួងការបរទេសអាមេរិក ដែលបានខ្នះខ្នែងជួយជ្រំជ្រែងស្នើសុំទៅរដ្ឋាភិបាល ឱ្យលើកលែងចំពោះគម្រោងសកម្មភាពមីននៅប្រទេសកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់អាទិភាពក្នុងការផ្តល់ជំនួយឡើងវិញ សម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនេះ៕