(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Rebecca Hunter នាយិកាទីផ្សារ​នៃ​ក្រុមហ៊ុន SpaceX-Starlink ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្ដិ​ភាព។

ក្នុងឱកាសនៃជំនួបនោះ លោកស្រីនាយិកាទីផ្សារ បានគោរពជម្រាបជូន​សម្ដេចមហាបវរ​ធិប​​តី​អំពីប្រតិបត្តិការ នៃសេវាកម្មរបស់ក្រុមហ៊ុន SpaceX-Starlink និងបានគូស​បញ្ជាក់​ថា កម្ពុជា គឺជាគោលដៅអាទិភាពខ្ពស់សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន នៅ​ក្នុង​ឆ្នាំ២០២៥។ លោកស្រីនាយិកាទីផ្សារ ក៏បាន​គោរពជម្រាបជូនសម្តេចមហាបវរធិបតី​ថា គណៈប្រតិភូរបស់លោកស្រីក៏នឹងមានជំនួបពិភាក្សាការងារ​ជាមួយក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធរបស់កម្ពុជា​ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ។

ជាការឆ្លើយតប សម្ដេចមហាបវរធីបតី បានសម្ដែងនូវការស្វាគមន៍ និង​ក្ដីសោមនស្សរីក​រាយចំពោះក្រុមហ៊ុន ដែលបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ​ ក៏​ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យលោក​ស្រី ដែលជាតំណាងក្រុមហ៊ុន បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួង​-ស្ថាប័នពាក់​ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញការស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា៕