(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអុី​ស្រាអែល​ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនងរវាងអុីស្រាអែល និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់​រាជ​រដ្ឋា​ភិបាលក្នុងការគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអុីស្រាអែល-កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីក៏បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ​អុី​ស្រា​អែល-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្តីសោមនស្សរីករាយចំពោះ​ភាពរីក​ចម្រើន​នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-អុីស្រាអែល។ សម្ដេចមហាបវរធិប​តី​មានជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់លោកស្រី ការផ្សារភ្ជាប់ទំនាក់ទំនង និង​កិច្ចសហប្រតិប្តតិការកម្ពុជា-អីុស្រាអែល នឹងបន្តមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាក្នុងការជំរុញ​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាអាទិ៍៖ ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, អប់រំ, សុខាភិបាល, ទេសចរណ៍, ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេក​វិទ្យាជាដើម។ សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តដល់ជំទាវឯកអគ្គរដ្ឋទូត បន្តធ្វើ​ការ​ឱ្យបានជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញវឌ្ឍនភាពនៃកិច្ច​សហប្រតិ​បត្តិការកម្ពុជា-អុីស្រាអែល ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ៕