(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ឈប់បង្ហូរទឹកកខ្វក់ និងកាក់សំណល់រាវមានសារធាតុពុលចូលទៅក្នុងទឹកបឹង ស្ទឹង ទន្លេ ឬទីវាលនានា ព្រោះវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ។
ការអំពាវនាវរបស់លោក អ៊ាង សុផល្លែត ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញរោងចក្រ សហគ្រាសជាច្រើន មិនគោរពក្រមប្រតិបត្តិកំណត់ដោយក្រសួងបរិស្ថាន ហើយនៅតែបន្តបង្ហូរទឹកកខ្វក់ និងកាក់សំណល់រាវមានផ្ទុកសារធាតុពុលចូលទៅតាមទីវាលមានបឹង ស្ទឹង និងទន្លេជាដើម។
មានរោងចក្រ សហគ្រាសជាច្រើន ត្រូវបានមន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន ចុះទៅអប់រំ និងណែនាំឱ្យរៀបចំកែលំអរប្រព័ន្ធស្តុក និងអាងប្រព្រឹត្តកម្មជាដើម មុននឹងពួកគេបង្ហូរចេញ។ ក្នុងនោះ ក៏មានរោងចក្រ សហគ្រាសខ្លះ ឈានដល់ការចាត់វិធានការក្តៅឈានទៅផ្អាកសកម្មភាព និងពិន័យតាមច្បាប់របស់ក្រសួងបរិស្ថានជាដើម។
ប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងបង្ហាញក្តីកង្វល់លើបញ្ហាបរិស្ថាន ដែលបណ្តាលមកពីសកម្មភាពទាំងឡាយខ្វះការគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន។ បម្រែបម្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី ការកើតមានខ្យល់ពុល បម្រែបម្រួលគុណភាពទឹកជាដើម សុទ្ធសឹងជាបញ្ហាកើតមានបណ្តាលមកពីកង្វះការទទួលខុសត្រូវនៃសកម្មភាពប្រចាំថ្ងៃរបស់មនុស្ស។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន មិនចង់ចាត់វិធានការច្បាប់ណាមួយលើរោងចក្រ សហគ្រាស ឬអ្នកដែលធ្វើផ្ទុយនឹងច្បាប់ស្តីពីបរិស្ថាននោះទេ អាស្រ័យហេតុហើយទើបលោកទទូចឱ្យចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់ទៅតាមក្រឹត្យក្រមដែលមានចែងស្តីពីបរិស្ថាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានអំពាវនាវដូច្នេះ «ខ្ញុំសូមអំពាវនាវដល់រោងចក្រទាំងអស់ សូមមេត្តាឈប់បង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាតទៅ ព្រោះវាជាអំពើខុសច្បាប់ ហើយដែលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ ជាពិសេសសុខភាពបងប្អូនប្រជាពលរដ្ឋយើង»៕