(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Feng Hui អ្នកគ្រប់គ្រងថ្មីនៃ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបានស្នើដល់ប្រព័ន្ធផ្សាយរដ្ឋចិន ចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគទុនចិនឱ្យមកកម្ពុជា កាន់តែច្រើនដូចមុនផ្ទុះវិបត្តិកូវីដ១៩។
នាឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាព័ត៌មានដែលមិនឆ្លុះបញ្ចាំងការពិត ជាព័ត៌មានដែលចរិតបំផ្លាញ ញុះញង់ ហើយព័ត៌មាន ក្លែងក្លាយ គឺជាកត្តាដ៏ចម្បងមួយដែលនាំមានការប្រើប្រាស់នូវអំពើហិង្សា ភាពស្អប់ខ្ពើមគ្នា ការរើសអើងជាតិសាសន៍ និងធ្វើឱ្យមានចលាចលសង្គមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញដល់ប្រព័ន្ធផ្សាយ វិទ្យុមិត្តភាពកម្ពុជា-ចិន បង្កើនការផ្សព្វផ្សាយពីកត្តាសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា តំបន់ទេសចរណ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ការលើកទឹកចិត្ត និងឱកាសវិយោគជាច្រើននៅកម្ពុជា ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់ជាឆ្នាំផ្លាស់ប្ដូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរ។ ដូច្នេះហើយប្រព័ន្ធផ្សព្វផ្សាយពិតជាបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសកម្ពុជា និងចិន បានស្គាល់គ្នាកាន់តែច្បាស់បន្ថែមទៀត។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើប្រព័ន្ធផ្សាយរបស់ចិនចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងក្លែងក្លាយឱ្យកាន់តែសកម្មដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន។
បើតាមលោក Feng Hui បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហការល្អបន្តទៅមុខទៀត ហើយបង្កើនការផ្សព្វផ្សាយឱ្យកាន់តែសកម្មថែមទៀតពីចំណុចល្អៗដែលកម្ពុជាមាន ទាំងវិស័យវប្បធម៌ និងទេសចរណ៍ជាដើម។
ប្រធានគ្រប់គ្រងថ្មីនៃ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំ នៅរាជធានីភ្នំពេញរូបនេះ បានជម្រាបជូនថា បច្ចុប្បន្ននេះ វិទ្យុមិត្តភាពកម្ពុជា-ចិន បានចូលរួមយ៉ាងសកម្មក្នុងការលើកម្ពស់ចំណង មិត្តភាពនៃប្រទេសយើងទាំងពីរ តាមរយៈការផ្សព្វផ្សាយព័ត៌មានដ៏សម្បូរបែបជីនដល់ប្រជាជនកម្ពុជា និងចិន បានស្តាប់ និងឃើញនូវអ្វីដែលមានពិតប្រាកដ។
គួររម្លឹកដែរថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ គ្រប់គ្រងដោយកញ្ញា Yao Shiya ហើយនៅឆ្នាំ២០២៥ ត្រូវបញ្ចប់អាណត្តិ ដោយបន្តដឹកនាំដោយលោក Feng Hui។
វិទ្យុមិត្តភាពកម្ពុជាចិន ចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា។ វិទ្យុមិត្តភាពកម្ពុជាចិន ស្ថិតនៅក្រោម អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ភាសាអង់គ្លេសហៅថា China Media Group (CMG) ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTN ជាដើម ដោយបានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង ១.៤ពាន់លាននាក់ និងអ្នកទស្សនាអន្តរជាតិតាមដានជាប្រចាំ រាប់ពាន់លាននាក់ផងដែរ៕