(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រែងជួបប្រទះការខ្វះខាតទឹកស្រោចស្រព និងដើម្បីធានាបាននូវភាពកក់ក្តៅរបស់ប្រជាកសិករ ផងនោះ កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំអាជ្ញាធរមូលដ្ឋាន មន្ត្រីនៃមន្ទីរពាក់ព័ន្ធ និងកសិករជាម្ចាស់ស្រែចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាពលរដ្ឋជាង៥០០ហិកតា ស្ថិតនៅចំណុចស្ថានីយបូមទឹកត្រសេកជ្រុំ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងដំណើរចុះពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករខាងលើនេះ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានលើកឡើងអំពីបទពិសោធន៍ និងវិធីសាស្ត្រជាច្រើនក្នុងការថែទាំដំណាំស្រូវដល់ប្រជាកសិករយ៉ាងក្បោះក្បាយ ក្នុងនោះលោ កបណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើប្រជាកសិករបន្ថែមចំពោះការថែទាំដំណាំស្រូវ ឬដំណាំផ្សេងៗ ទាំងការប្រើជីនិងប្រើប្រាស់ថ្នាំកំចាត់សត្វល្អិត ដោយត្រូវអនុវត្តតាមការ ណែនាំរបស់មន្ទីរកសិកម្ម ដែលមានមន្ត្រីជំនាញមកបង្ហាត់បង្ហាញ អំពីបច្ចេកទេសផ្សេងៗដល់បងប្អូននោះទើបទទួលបានផលល្អ និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ក៏បានផ្ដាំផ្ញើអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងត្រូវនៅឲ្យជាប់ជាមួយប្រជាកសិករដើម្បីត្រៀមដោះស្រាយនូវរាល់តម្រូវការចាំបាច់ណាមួយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលា អ្វីដែលត្រូវដោះស្រាយនៅចំពោះមុខនោះគឺការជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលពេលនេះគឺជាពេលវេលាប្រមូលផលបង្ហើយចុងក្រោយសម្រាប់ឆ្នាំនេះ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ក៏បានជំរុញឲ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រឹងឲ្យអស់លទ្ធភាព ដើម្បីរិះរកបច្ចេកទេសនិងវិធីសាស្រ្តក្នុងការបង្ហាត់បង្រៀននូវវិធីថែទាំដំណាំស្រូវ និងផលដំណាំផ្សេងៗរួមទាំងបច្ចេកទេសនិងវិធីសាស្រ្ត នៃការប្រើប្រាស់ជី ថ្នាំកំចាត់សត្វល្អិតឱ្យមានប្រសិទ្ធភាពចៀសសវាងការប្រើខុសបច្ចេកទេសធ្វើឲ្យខាតបង់ថវិកាច្រើន។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង តាមរយៈការផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់ថា នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ មានផ្ទៃដីដាំដុះសរុបជាង ១ពាន់ហិកតា។
ដោយឡែកតំបន់ដែលលោកបណ្ឌិតសភាចារ្យ បានអញ្ជើញចុះមកពិនិត្យស្រូវប្រាំងប្រជាកសិករនៅទីនេះមានប្រហែលជាង៥០០ហិកតា ចំពោះផ្ទៃដីជាង៥០០ហិកតានេះគឺពុំខ្វះខាតទឹកនោះទេ។ ដោយឡែកនៅតំបន់នេះ ប្រជាកសិករបានប្រមូលផលស្រូវប្រាំងបានចំនួនពី ៥០ទៅ ៦០ភាគរយរួចហើយដែរ ដូច្នេះនៅតែជា១សប្តាហ៍ទៀតប៉ុណ្ណោះប្រជាកសិករ និងប្រមូលផលរួចរាល់ជាស្ថាពរ។
ចំពោះប្រជាកសិករស្នើសុំធ្វើស្រែប្រាំងជាលើកទី២ លោកកំពុងតែផ្សព្វផ្សាយពន្យល់ដល់ពួកគាត់ថា កន្លែងណាដែលគួរអាចធ្វើបានជាលើកទី២ និងកន្លែងណាដែលមិនអាចធ្វើបាន ហេតុផលគឺត្រូវពិនិត្យស្ថានភាពឲ្យបានច្បា ស់លាស់ជាមុនសិន ខ្លាចក្រែងជួបប្រទះនូវការខ្វះខាតទឹកស្រោចស្រព។
ម្យ៉ាងទៀតនៅតំបន់នេះឆ្នាំកន្លងមក គឺធ្លាប់ជួបប្រទះនូវការខ្វះខាតទឹកផងដែរប៉ុន្តែនៅឆ្នាំនេះគឺពុំមាន ការខ្វះខាតទៀតនោះឡើយ ព្រោះប្រជាពលរដ្ឋជិតបានប្រមូលផលរួចអស់ហើយហើយទឹកក៏នៅតែអាចបូមបញ្ចូលស្រែ បានគ្រប់គ្រាន់ទៀតផង។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ចំពោះបញ្ហាសត្វល្អិតដែលប្រជាពលរដ្ឋជួបប្រទះនោះ គឺក្រុមការងារបច្ចេកទេស នៃមន្ទីរកសិកម្ម បានមកណែនាំពួកគាត់អាចអនុវត្តបានដោយជោគជ័យ និងមាន ប្រសិទ្ធភាពគឺពុំមានបញ្ហាពាក់ព័ន្ធនឹងសត្វល្អិតទៀតនោះឡើយ៕