(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិចំនួន៣គ្រឿង ដល់រដ្ឋាភិបាលកម្ពុជា។ តាមរយៈឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់មានកម្រិតស្តង់ដារអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុបនេះ នឹងធ្វើឱ្យការគ្រប់គ្រង និងតាមដានគុណភាពខ្យល់នៅកម្ពុជាកាន់តែច្បាស់លាស់។
ពិធីប្រគល់ និងទទួលឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់នេះ ធ្វើឡើងនៅក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំនៅកម្ពុជា។
ការគ្រប់គ្រងគុណភាពខ្យល់ ត្រូវបានក្រសួងបរិស្ថានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានារក្សារក្សាបានសុខុមាលភាពល្អជូនប្រជាពលរដ្ឋ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ដែលផ្តល់ជូនដោយរដ្ឋាភិបាលកូរ៉េខាងត្បូងនេះ មានស្តង់ដារអន្តរជាតិ ត្រូវបានទទួលស្គាល់ដោយសហរដ្ឋាអាមេរិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបផងដែរ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមរយៈឧបករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ពីប្រទេសកូរ៉េខាងត្បូងនេះ ជួយឱ្យកម្ពុជាពង្រីកការគ្រប់គ្រង និងទទួលព័ត៌មានពីគុណភាពខ្យល់កាន់តែច្បាស់លាស់ និងមានស្តង់ដារខ្ពស់។ ឧបករណ៍នេះ ក៏មានសមត្ថភាពបញ្ជាក់ព័ត៌មាននៃលំហូរ និងទិសដៅខ្យល់ពីប្រទេសមួយទៅប្រទេសមួយថែមទៀតផង។
ក្រៅពីទទួលបានឧករណ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់ស្តង់ដារអន្តរជាតិហើយនោះ ក្រសួងបរិស្ថាន ក៏សហការជាមួយសាកលវិទ្យាជាតិសេអ៊ូលរបស់កូរ៉េខាងត្បូង ដើម្បីទទួលបានព័ត៌មាននានាពីលំហូរខ្យល់ពុលថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ពីការប្រឹងប្រែងលើកិច្ចការតាមដាន និងត្រួតពិនិត្យគុណភាពខ្យល់យ៉ាងដូច្នេះ «យើងប្រឹងប្រែងឱ្យអស់លទ្ធភាពធ្វើយ៉ាងណារក្សាគុណភាពខ្យល់នៅកម្ពុជាឱ្យបានល្អ និងជូនព័ត៌មានដល់ប្រជាជនបានទាន់ពេលវេលា»។
បើតាមលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ឧបករណ៍ដែលកម្ពុជាទទួលបានពីរដ្ឋាភិបាលកូរ៉េខាងត្បូងនេះ មានដំឡើងនៅប្រទេសថៃ ឡាវ និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។ ដូច្នេះតាមរយៈឧបករណ៍នេះ នឹងធ្វើឱ្យបណ្តាប្រទេសនៅតំបន់អាស៊ាន ទទួលបានព័ត៌មានគុណភាពខ្យល់ជាក់លាក់ ដោយមិនអាចចោទប្រកាន់គ្នាពាក់ព័ន្ធបញ្ហាគុណភាពខ្យល់ទៀតនោះឡើយ។
បើទោះបីជាយ៉ាងណា ដើម្បីឈានទៅគ្រប់គ្រងគុណភាពខ្យល់ក្នុងតំបន់ឱ្យបានល្អប្រសើរ លោកបណ្ឌិត អ៊ាង សុផល្លែត ទទូចដល់ប្រទេសសមាជិកអាស៊ានរួមគ្នាយកចិត្តទុកដាក់លើគុណភាពខ្យល់ ដោយតាមដាន ចាត់វិធានការទប់ស្កាត់ និងកែលំអរ។
លោកបណ្ឌិត បានលើកឡើងថា មានតែធ្វើការរួមគ្នាទេ ទើបអាចគ្រប់គ្រងគុណភាពខ្យល់បានល្អប្រសើរ ទាំងក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប់ជាប្រចាំជាមួយឧបករណ៍ដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។ តាមរយៈឧករណ៍ដែលកម្ពុជា ប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានបង្ហាញថា គុណភាពខ្យល់រាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តដទៃទៀត មានសភាពល្អប្រសើរ។
ព័ត៌មានពាក់ព័ន្ធគុណភាពខ្យល់នេះ ត្រូវបានក្រសួងបរិស្ថាន ធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃផងដែរ។ ដើម្បីតាមដាន និងពិនិត្យគុណភាពខ្យល់នៅកម្ពុជា ចូលទៅមើលជាមួយកម្មវិធីលើទូរស័ព្ទដៃរបស់ក្រសួងបរិស្ថាន ដែលមាន ឈ្មោះថា CGS SPA។
កម្មវិធីនេះ គេអាចចូលទៅទាញយកពី App Store សម្រាប់ទូរស័ព្ទ iphone និងទាញយកពី Play Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android៕