(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥១៥នាក់ ដែលមកពិនិត្យ និងព្យាបាលជំងឺទូទៅនៅមណ្ឌលសុខភាពអំពិលទឹក ស្ថិតនៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង និងមានការចូលរួមពីក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។

កម្មវិធីពិនិត្យសុខភាពនេះបានធ្វើឡើងនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមគ្រូពេទ្យ សមាគមឱសថការីស្ម័គ្រចិត្តជាច្រើនរូប ដែលអញ្ជើញមកពីប្រទេសបារាំង ដោយបានសហការជាមួយ​ក្រុមគ្រូពេទ្យខេត្ត និងរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កម្មវិធីពិនិត្យសុខភាពនោះ ក៏បានរំលេចនូវកម្មវិធីសប្បុរសធម៌ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានអញ្ជើញចុះចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ៤៧៦នាក់ ស្រីចំនួន ២២១នាក់ និងចែកជូននូវថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូចំនួន ៩នាក់ នៅសាលាបឋមសិក្សាស្ទឹងស្ងួត ស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក៕