(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធក្នុង ករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០១៦ វេលាម៉ោង២៣៖០០នាទី
ដកហូតបានម៉ូតូ០១គ្រឿង និងក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់ នៅចំណុចក្នុងផ្ទះជួល ផ្លូវលេខ៧៧បេតេ  ភូមិ ចំរើន ផល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ហួរ ម៉េង វ៉ាង អធិការរងខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី-១ឈ្មោះ ម៉ម បញ្ជនីប៉ា (ហៅ ទូ ហៅ ស្នា) ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជនសង្ស័យទី-២ឈ្មោះ ហ៊ា សៀមម៉េង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ បញ្ចូលបទភ្លេង ស្នាក់នៅផ្ទះលេខ១០  ផ្លូវលេខ១៨២  សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ចំណែកឯជនរងគ្រោះឈ្មោះ សូ កុម្ភៈ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ នគរបាលនាយកដ្ឋាននគរបាលការពារ ស្នាក់ នៅផ្ទះជួល ផ្លូវលេខ៧៧បេតេ  ភូមិ ចំរើន ផល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ហួរ ម៉េង វ៉ាង បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០១៦ វេលាម៉ោង០៩៖០០នាទីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានធ្វើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ពេលនោះជនសង្ស័យឈ្មោះ ម៉ម បញ្ជនីប៉ា (ហៅ ទូ ហៅ ស្នា) បានជិះម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ ១១០ ពណ៍ក្រហម គ្មានស្លាកលេខ ម្នាក់ឯងមកដល់ក៏ឃាត់ត្រួតពិនិត្យសាកសួរជនសង្ស័យ ម៉ម បញ្ជនីប៉ា បានឆ្លើយភូតកុហកថា ម៉ូតូម៉ាកហុងដាសេ ១១០ ពណ៍ក្រហម គ្មានស្លាកលេខ ដែលជិះនេះបានលួចយកនៅភូមិ ចំរើន ផល សង្កាត់បឹងទំពុនពេលនោះនគរបាលចរាចរណ៍ក៏បានប្រគល់ជនសង្ស័យឈ្មោះ ម៉ម បញ្ជនីប៉ា និងម៉ូតូ ឲ្យមកនគរបាលប៉ុស្តិ៍បឹងទំពុនធ្វើការ សាកសួរនៅស្នាក់ការប៉ុស្តិ៍ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា ម៉ូតូម៉ាកហុងដាសេ ១១០ ពណ៍ក្រហម គឺរូបគេ និងបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ បានលួចយកនៅម្តុំ សាលាបឋមសិក្សាវត្តទួលទំពូង ខណ្ឌចំការមន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ។  

ចំណែកនៅភូមិចំរើនផល សង្កាត់ បឹងទំពុន គឺរូបគេ និង បក្សពួកឈ្មោះ ញ៉ា បានលួចយកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លីក ពណ៍ស មិនចាំស្លាកលេខ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២៣៖០០នាទី របស់ជនរងគ្រោះឈ្មោះ សូ កុម្ភៈ ហើយយកទៅលក់ឲ្យឈ្មោះ ហ៊ា សៀមម៉េង នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា  ភ្លាមនោះនៅវេលាម៉ោង១៦៖៤០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ា សៀមម៉ង ដែលកំពុងលាក់ខ្លួននៅផ្ទះជួល ភូមិ ត្រពាំង ឈូក សង្កាត់ ទឹកថ្លា ដោយបានដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៍ស គ្មានស្លាកលេខ និង ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់ថង់ (កញ្ចប់ធំ ០១,កញ្ចប់តូច០១),ជញ្ជីងអេឡិចត្រូនិច០១គ្រឿង និង ឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួន រួចបញ្ចូនមកសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងទំពុនចាត់ការតាមច្បាប់ តែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់នេះ សមត្ថកិច្ចកំពុងធ្វើការឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ៕