(ស្វាយរៀង)៖ អគារសិក្សា ១ខ្នង មានទទឹង ៧.៥០ម៉ែត្រ បណ្ដោយ ៤៥ម៉ែត្រ កម្ពស់ ១៣.៥០ម៉ែត្រ ចែកចេញជាជាន់ផ្ទាល់ដី មានបន្ទប់ទឹក និងបន្ទប់បន្ទោបង់ចំនួន៥បន្ទប់ ទីធ្លា កន្លែងអាហារដ្ឋាន១, បន្ទប់ធ្វើម្ហូប១, បន្ទប់ប្រជុំរបស់យុវជន១ ជាន់ទី១ មាន៣ បន្ទប់សិក្សា និងជាន់ទី២ មានចំនួន ៣បន្ទប់សិក្សា ស្ថិតនៅក្នុងវិទ្យាល័យគោកព្រីង ឃុំគោកព្រីង ដែលជាអំណោយរបស់លោក ឌី វិទ្យា និងលោកស្រី ហ៊ុន ម៉ាណា ត្រូវរៀបចំបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក សាន់ នាង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង និងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ។
លោកអភិបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា សំណង់អគារសិក្សា ដែលរដ្ឋបាលស្រុករៀបចំពិធីបញ្ចុះបឋមសិលា គឺជាអំណោយលើកទី១ សម្រាប់ឆ្នាំ២០២៥របស់លោក ឌី វិទ្យា និងលោកស្រី ហ៊ុន ម៉ាណា ជួយឧបត្ថម្ភស្រុកស្វាយជ្រំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សាន់ នាង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឌី វិទ្យា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានយកចិត្តទុកដាក់គិតគូរលើវិស័យអប់រំក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅតំបន់ជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យអប់រំ និងការកសាងធនធានមនុស្សជាវិស័យអាទិភាព តាមរយៈផ្ដល់អគារសិក្សាដែលជាអគារទីមួយ ល្អទំនើបនៅក្នុងភូមិសាស្ត្រឃុំគោកព្រីងនេះ។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរអប់រំ លោក សាន់ នាង ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូពិសេសក្មួយៗ សិក្សានុសិស្សបន្ទាប់ពីទទួលបានអគារសិក្សាដ៏ល្អនេះត្រូវខិតខំរៀនសូត្រឆ្លើយតបចំពោះលោក និងលោកស្រីក្នុងការរួមចំណែកកសាងធនធានមនុស្ស ដើម្បីបន្តការពារ និងអភិវឌ្ឍន៍ជាតិពីបច្ចុប្បន្ន និងទៅអនាគតផងដែរ៕