(ភ្នំពេញ)៖ មន្ទីរពេទ្យ ហ្លួង ម៉ែ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអង្គការនគរទេព ក្រោមអធិបតីភាព លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងលោកស្រី Janne Ritskes សហស្ថាបនិកអង្គការនគរទេព និងលោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ។

ជាកិច្ចចាប់ផ្តើម លោកស្រីកិត្តិបណ្ឌិត បានសម្តែងនូវសេចក្តីសោមន្សរីករាយ និងអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការ រវាងអង្គការនគរទេព និងមន្ទីរពេទ្យហ្លួងម៉ែ សម្ដៅដល់ការលើកកម្ពស់សុខុមាលភាព ប្រជាជនងាយរងគ្រោះ ជាពិសេសស្ត្រី លើការធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង។

លោកស្រីកិត្តិបណ្ឌិត បានលើកឡើងពីបេសកកម្មរបស់ អង្គការនគរទេព គឺមិនស្វែងរកប្រាក់ចំណូលផ្ទាល់ និងជួយអ្នកងាយរងគ្រោះនៅកម្ពុជា ដែលពុំមានលទ្ធភាព ក្នុងការទទួលសេវាសុខាភិបាល។ លោកស្រីបានសម្តែងនូវការកោតសរសើរ ពីការខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរពេទ្យ។

លោកស្រីបានមានប្រសាសន៍ បន្តជួយគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាព របស់អង្គការ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះ ជាពិសេសស្ត្រី និងក្មេងស្រី។

ឆ្លើយតបនឹងប្រសាសន៍គាំទ្រខាងលើនេះ លោកសាស្ត្រាចារ្យជំនួយ នាយកមន្ទីរពេទ្យ បានបង្ហាញកិច្ចស្វាគមន៍យ៉ាង កក់ក្តៅ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកស្រីកិត្តិបណ្ឌិត និងអង្គការនគរទេព ដែលបានជួយ គាំទ្រមន្ទីរពេទ្យ លើការធ្វើតេស្តស្វែងរកជំងឺមហារីកដំណាក់កាលដំបូង សម្រាប់ប្រជាជនងាយរងគ្រោះ។

ការធ្វើតេស្ត ដំណាក់កាលដំបូងនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ការការរីករាលដាលជំងឺមហារីកដំណាក់កាលចុងក្រោយ ដែលពិបាកក្នុងការព្យាបាល។ ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងជួយជំរុញឱ្យប្រជាជន បានស្វែងយល់បន្ថែមពីជំងឺមហារីក និងស្វែងរកការព្យាបាលបានទាន់ពេលវេលា។

លោកនាយកបានបន្តថា បច្ចុប្បន្ន មន្ទីរពេទ្យបានកៀងគរ បានធនធានមនុស្សដែលចាំបាច់ ព្រមទាំងបាននិងកំពុងស្វែងរក និងបញ្ជូនទៅបណ្តុះបណ្តាល នៅតាមមន្ទីរពេទ្យជាតិ និងនៅក្រៅប្រទេស។ ក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាល មន្ទីរពេទ្យបានកែសម្រួលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងបានបំពាក់សម្ភារៈបរិក្ខារដែលចាំបាច់មួយចំនួន។

លើសពីនេះ ក្រោមការគាំទ្រពីដៃគូ មន្ទីរពេទ្យ បានបញ្ជូនបុគ្គលិកទៅបណ្តុះបណ្តាលនៅក្រៅប្រទេស លើជំនាញរូបវិទ្យាវេជ្ជសាស្ត្រ និងជំនាញព្យាបាលដោយកាំរស្មី។

លោកនាយក បានជម្រាបជូនលោកស្រីកិត្តិបណ្ឌិតជ្រាបផងដែរថា មន្ទីរពេទ្យបានបើកដំណើរការពិនិត្យ និងពិគ្រោះ ជំងឺក្រៅ និងត្រៀមបើកទទួលព្យាបាលជំងឺមហារីក ដោយចាក់ថ្នាំគីមី នៅសប្តាហ៍ក្រោយ និងដោយការបាញ់កាំរស្មី នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥។

ជាថ្មីម្តងទៀត លោកនាយក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវកិត្តិបណ្ឌិត និងអង្គការ នគរទេព ដែលបានជួយគាំទ្រដល់មន្ទីរពេទ្យ និងស្នើសុំជួយគាំទ្រមន្ទីរពេទ្យបន្ថែមទៀត លើការពិនិត្យ និងព្យាបាលជំងឺមហារីក។

មន្ទីរពេទ្យ នឹងប្តេជ្ញាអនុវត្តនូវអ្វី ដែលបានឯកភាពគ្នានេះ ឱ្យមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សម្ដៅសម្រេច បាននូវគោលបំណងរួម ដែលបានគូសបញ្ជាក់ ក្នុងអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ។

គួររំលេចផងដែរថា តាមរយៈអនុស្សរណៈនេះ អង្គការនគរទេព នឹងជួយគាំទ្រលើការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន ដំណាក់កាលដំបូង (Pap smear) ដល់ស្ត្រីងាយរងគ្រោះ (ចំនួនមានកំណត់) រយៈពេលមួយឆ្នាំ និងបំពាក់ម៉ាស៊ីនថត កាំរស្មី X ឌីជីថល (Digital X Ray) ចំនួន ០១គ្រឿង ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែផងដែរ៕