(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញ ដឹកនាំប្រតិភូកងរាជអាវុធហត្ថ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក អ៊ុក ផាន្នី ប្រធានអង្គភាពសន្តិសុខ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានទទួលមរណភាពដោយ គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១៣៖១៨នាទីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ពេលបំពេញបេសកកម្មជូនអង្គភាព ក្នុងជន្មាយុ ៤៣ឆ្នាំ។
ពិធីបុណ្យសពបានប្រារព្ធធ្វើឡើងទៅតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ ត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារនៃសព និងបាននាំយកបច្ច័យចូលបុណ្យរបស់ នាយ នាយរង និងពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ប្រគល់ជូនដល់ក្រុមគ្រួសារសពនូវថវិកាចំនួន ៧,៣០០,០០០រៀល ព្រមទាំងថវិកា លោក ញ៉ែម សំអឿន អភិបាលរតនគិរី និងលោកស្រីបានចូលបច្ច័យបុណ្យសពនូវថវិកាចំនួន ៧០០,០០០រៀល ថវិកាចំនួន ៨,០០០,០០០រៀលផងដែរ៕