(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំបន្ថែមដលថ្នាក់ដឹកនាំ និងបុគ្គលិកនិយោជិត នៃអង្គភាពរដ្ឋាករទឹក ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
ការណែនាំបែបនេះរបស់អភិបាលខេត្ត បានធ្វើឡើងនៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសោកបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មករនិយោជិតអង្គភាពរដ្ឋាករទឹកបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និយោជិតនៃអង្គភាពរដ្ឋាករទឹកបាត់ដំបង និងអ្នកពាក់ព័ន្ធផ្សេងទៀត។
ក្នុងឱកាសនោះលោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកនិយោជិតដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាកម្មជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អនាពេលកន្លងមក។
លោកអភិបាលខេត្ត ណែនាំដល់រដ្ឋាករទឹកបាត់ដំបង ត្រូវពង្រីកបណ្តាញមេ មេរងបន្ថែមក្នុងតំបន់សេវាកម្ម ពង្រឹងលើការងារថែទាំ ជួសជុលប្រព័ន្ធផលិតកម្ម បង្កើនការបំពាក់ក្បាលវ៉ានបាញ់ទឹកសម្រាប់ពន្លត់ភ្លើងបន្ថែមទៀត នៅតាមតំបន់ទីប្រជុំជន និងថែទាំវ៉ានអគ្គិភ័យដែលមានស្រាប់ ដើម្បីធានាបាននៅពេលអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាក្នុងករណីកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមការងារកំពុងពន្លឿនការសាងសង់ស្ថានីយបូមទឹកឆៅ១កន្លែង និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមានសមត្ថភាពផលិត៥០,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ដែលមានទីតាំងនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង និងការងារពង្រីកបំពង់មេទឹកស្អាតប្រវែង៩៤គីឡូម៉ែត្រ។
សមត្ថភាពរោងចក្រផលិតទឹកស្អាតថ្មីមួយនេះ បូករួមនឹងរោងចក្រផលិតទឹកស្អាតដែលបាននិងកំពុងដំណើរការបច្ចុបន្នចំនួន២ទីតាំង នឹងធ្វើឱ្យរដ្ឋាករទឹកបាត់ដំបង មានសមត្ថភាពផលិតកើនដល់ទៅ ៨៣,៥២០ម៉ែត្រគូប ក្នុង១ថ្ងៃ និងបំពង់បណ្តាញទឹកស្អាតមានប្រវែងសរុប ៩២២គីឡូម៉ែត្រ ដែលមានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ ក្នុងការផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែអាចគ្របដណ្តប់ក្នុងដែនសេវាកម្មអាជ្ញាបណ្ណ រដ្ឋាករទឹកបាត់ដំបងផ្ទាល់នោះទេ គឺអាចមានលទ្ធភាពចែកចាយនៅតំបន់ខាងក្រៅផ្សេងៗទៀតដែលស្ថិតនៅជុំវិញនោះទៀតផង។
ការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតខ្នាតធំនេះ គឺដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងតម្រូវការទឹកស្អាត ព្រមទាំងការអភិវឌ្ឍន៍ក្រុង និងទីប្រជុំជននានា ក្នុងការលើកស្ទួយ សុខភាពសាធារណៈ និងជីវភាពរបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដំណើរការផលិតកម្មទឹកស្អាតនៅរោងចក្រទឹកស្អាតស្ថិតនៅភូមិវត្តលៀប និងបន្តចុះពិនិត្យដំណើរការសាងសង់ស្ថានីយបូមទឹកឆៅកំពង់សីមា ដែលកំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់នាចុងឆ្នាំ២០២៥ផងដែរ៕