(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជំនួបសម្ដែងការគួរសម ពីលោកស្រី Martina Klement, State Secretary ទទួលបន្ទុកឌីជីថលូបនីយកម្ម និងទំនើបកម្មកិច្ចការរដ្ឋបាល និងជានាយិកាផ្នែកឌីជីថល (Chief Digital Officer) នៃរដ្ឋប៊ែឡាំង សហព័ន្ធអាល្លឺម៉ង់ អមដោយនាយក និងសហការីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ (Konrad-Adenauer-Stiftung - KAS)។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនលោកស្រី Klement អំពីទិសដៅរបស់កម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គម ព្រមទាំងបេសកកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងដំណើរការនេះ រួមមាន៖ ការពង្រឹង និងពង្រីកការតភ្ជាប់ឌីជីថល ការបណ្ដុះបណ្ដាលធនធានមនុស្សឌីជីថលគ្រប់កម្រិត ការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសជោគជ័យនៃថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ដូចជា ការគិតគូរអំពីការធ្វើអភិបាលកិច្ច លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការជំរុញកិច្ចសហការ ជាមួយវិស័យឯកជន មានគម្រោងសួនឌីជីថលជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានប្រសាសន៍គាំទ្រកិច្ចសហការកាន់តែជិតស្និទ្ធិរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការសហការលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍។

លោកស្រី Martina Klement បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាព ដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជានាពេលកន្លងមក និងបង្ហាញឆន្ទៈក្នុងការផ្លាស់ប្ដូរ បទពិសោធនិងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍ ដល់បរិវត្តកម្មឌីជីថលរបស់ភាគីទាំងពីរ។

គូសបញ្ជាក់ថា នេះជាជំនួបទីមួយនៅកម្ពុជា ក្នុងដំណើរដែលលោកស្រី Martina Klement មកសិក្សាស្វែងយល់ពីស្ថានភាពបរិវត្តកម្មឌីជីថល ពីសំណាក់ស្ថាប័រដ្ឋនិងឯកជននៅអាស៊ីអាគ្នេយ៍៕