(ភ្នំពេញ)៖ ពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួននឹងមិនទៅចូលរួមធ្វើបាតុកម្ម ដែលជាការញុះញង់របស់ ក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងប្រឆាំងនឹងដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាកោះគុត។ ទន្ទឹមនឹងនេះ ពួកគេបានអំពាវនាវឱ្យពលរដ្ឋខ្មែរ នៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹង។

លោក ពេជ្យ វីរៈ ជាពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសកូរ៉េ សូមទុកលទ្ធភាព ឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូនពលករខ្មែរ ត្រូវជឿជាក់ លើមេដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត។

ពលរដ្ឋខ្មែររូបនេះថា ខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀត ដែលការធ្វើបាតុកម្មនេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការកាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

ដោយឡែក លោក ពន្លឺ ស៊ូសាន្តណា ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញគោលជំហរថាខ្លួនមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាងដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជៀសជាងធ្វើសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិ លើបញ្ហាព្រំដែនជាមួយ ប្រទេសជិតខាង។

ពលករខ្មែរនៅកូរ៉េម្នាក់ទៀត លោក សម ណាង បានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំ ក្នុងការដោះស្រាយតាមរយៈការចរចារដោយសន្តិវិធី។

ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរ អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ មកបញ្ឆេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈដែលភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ៕