(ភ្នំពេញ)៖ បើទោះបីមានបាតុភាពនានា នៃការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលចរាចរក្ដី ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យបន្ដអនុវត្ដច្បាប់ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សង្គម ដោយគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

នៅពេលឲ្យបន្ដអនុវត្តច្បាប់នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យកម្លាំងជំនាញ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ និងកាត់បន្ថយបាតុភាពនានាដែលប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសង្កត់ធ្ងន់ថា ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ ត្រូវតែទទួលនៅវិន័យរបស់នគរបាលជាតិជាដាច៎ខាតដោយមិនលើកលែង។ ខណៈករណីនៅក្នុងខណ្ឌសែនសុខ ខាងការិយាល័យអនុវត្តវិន័យ កំពុងធ្វើការស៊ើបអង្គេតលើបុគ្គលម្នាក់ៗជិតចប់ហើយ។

លោកបានណែនាំយ៉ាងដូច្នេះថា៖

«សូមជំរាបជូនដល់កងកម្លាំងអនុវត្តច្បាប់ចរាចរណ៍ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការត្រួតពិនិត្យរកជាតិស្រវឹង សូមបន្តអនុវត្តដោយមឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិតនិងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ យើងជាកាតព្វកិច្ចរបស់សមត្ថកិច្ច។

សូមមន្ដ្រីអ្នកចុះអនុវត្តច្បាប់ឲ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សមជាកម្លាំងនគរបាលជាតិ តែត្រូវអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់បំផុត។

ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ ត្រូវតែទទួលនៅវិន័យរបស់នគរបាលជាតិជាដាច់ខាតដោយមិនលើកលែង (ករណីនៅក្នុងខណ្ឌសែនសុខ ខាងការិយាល័យអនុវត្តវិន័យ កំពុងធ្វើការស៊ើបអង្គេតលើបុគ្គលម្នាក់ៗ ជិតចប់ហើយ)។

តែចំពោះមន្ដ្រីណាល្អការងារសកម្មគោរពវិន័យសេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត។

ខ្ញុំបាទគោរពស្នើសុំដល់បងប្អូនមហាជន និងប្រជាពលរដ្ឋយើង សូមចូលរួមគាំទ្រ គោរព និងការអនុវត្តច្បាប់ ជាមួយសមត្ថកិច្ចយើងខ្ញុំទាំងអស់គ្នាបាទ»៕